រូបភាពដំបូងដែលថតដោយយានស្រាវជ្រាវព្រះចន្ទរបស់ប្រទេសរុស្ស៊ី ត្រូវបានប្រកាសកាលពីថ្ងៃទី 17 សីហា ឆ្នាំ 2023 (ពេលវេលាក្នុងស្រុក)។
យោងតាមទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos យានអវកាស Luna-25 បានបញ្ជូនបណ្ដារូបភាពស្ដីពីមាត់ភ្នំភ្លើងនៅតំបន់ប៉ូលឆ្ងាយរបស់ព្រះចន្ទ មកកាន់ផែនដី។ តាមគម្រោង យានស្រាវជ្រាវព្រះចន្ទដំបូងរបស់រុស្ស៊ីក្រោយរយៈពេល 47 ឆ្នាំ គ្រោងនឹងធ្វើការពិសោធ ស្រាវជ្រាវផ្ទៃរបស់ឋានព្រះចន្ទចាប់ពីសប្ដាហ៍ក្រោយ។
បណ្ដារូបភាពស្ដីពីមាត់ភ្នំភ្លើង Zeeman បង្ហាញថា ភ្នំភ្លើងនេះមានកម្ពស់ជិត 8 គីឡូម៉ែត្រ ធៀបនឹងផ្ទៃរាបរបស់ព្រះចន្ទ។ ភ្នំភ្លើងនេះ កន្លងមកមិនត្រូវបានអ្នកវិទ្យាសាស្ត្រសង្កេតមើលនោះទេ ដោយសារតែវាស្ថិតនៅមួយចំហៀងដែលតែងតែបែរខ្នងដាក់ផែនដី។
Roscosmos បញ្ជាក់ថា យាន Luna-25 ក៏បានវាស់វែងកាំរស្មីហ្គាម៉ា និងនឺត្រុងពីផ្ទៃរបស់ព្រះចន្ទ ក៏ដូចជាតួលេខប្លាស្មាក្នុងទីអវកាសជុំវិញព្រះចន្ទ រួមនឹងឧស្ម័ន និងធូលីលើគន្លងតារាវិថីរបស់ឋាននេះផងដែរ។
Luna-25 គឺជាយានស្រាវជ្រាវព្រះចន្ទដំបូងដែលអភិវឌ្ឍ ផលិត និងដំណើរការទាំងស្រុងដោយប្រទេសរុស្ស៊ីបច្ចុប្បន្ន។ គម្រោងដែលត្រូវបានបង្ហាញកាលពីថ្ងៃទី 11 សីហានេះ មានគោលដៅក្លាយជាយានអវកាសដំបូងដែលចុះចតដោយថ្នមៗនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 21 សីហាខាងមុខ។
គោលដៅចម្បងរបស់គម្រោងនេះគឺការពិសោធដីព្រះចន្ទដើម្បីស្វែងរកទឹកកក ប៉ុន្តែ Roscosmos ក៏បានឱ្យដឹងថា ពួកគេក៏ចង់សាកល្បងបច្ចេកវិទ្យាចុះចតដោយថ្នមៗ រួមនឹងស្រាវជ្រាវស្រទាបដីខាងលើរបស់ឋានមួយនេះផងដែរ។
ការបាញ់បង្ហោះ Luna-25 គឺជាសញ្ញាបង្ហាញថា រុស្ស៊ីបានវិលត្រលប់ទៅកាន់ឋានព្រះចន្ទវិញ ក្រោយការខកខានអស់ 47 ឆ្នាំ។ កម្មវិធី Luna ដំបូងត្រូវបានចាប់ផ្ដើមក្នុងសម័យសូវៀត ដែលសម្រេចបេសកកម្មព្រះចន្ទបានចំនួន 24 លើក ចាប់ពីខែកញ្ញា 1958 ដល់ខែសីហា 1976៕