កាលពីថ្ងៃទី 16 សីហា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ប្រកាសថា យានចុះចត Luna-25 របស់ប្រទេសនេះត្រូវបាននាំឡើងទៅដល់គន្លងតារាវិថីរបស់ព្រះចន្ទដោយជោគជ័យ។
អ្នកនាំពាក្យរបស់ Roscosmos និយាយថា «ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របច្ចុប្បន្នរបស់រុស្ស៊ី យានអវកាសស្វ័យប្រវត្តមួយគ្រឿងត្រូវបាននាំឡើងទៅដល់គន្លងតារាវិថីរបស់ព្រះចន្ទនៅវេលាម៉ោង 12 និង 03 នាទីល្ងាច ម៉ោងនៅមូស្គូ (ម៉ោង 09 និង 30 នាទី GMT)»។
អ្នកនាំពាក្យខាងលើបន្ថែមថា «ប្រព័ន្ធទាំងឡាយរបស់ Lunar-25 កំពុងដំណើរការល្អ ហើយទំនាក់ទំនងជាមួយនឹងយាននេះមានស្ថិរភាព»។ ម៉ាស៊ីនថតដែលត្រូវបានដំឡើងលើយាន បានថតរូបផែនដី និងព្រះចន្ទពីចម្ងាយ។
តាមផែនការ Lunar-25 នឹងគោចរជុំវិញព្រះចន្ទលើកម្ពស់ 100 គីឡូម៉ែត្រ មុនពេលចុះចតនៅថ្ងៃទី 21 សីហា 2023 នៅភាគខាងជើងនៃមាត់ភ្នំភ្លើង Boguslawsky ក្នុងតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។
មុននោះ កាលពីថ្ងៃទី 11 សីហា 2023 យាន Luna-25 ត្រូវបានបាញ់បង្ហោះពីព្រលានយានអវកាស Vostochny ដោយប្រើប្រាស់រ៉ុក្កែត Soyuz 2.1b។ យាន Luna-25 នឹងធ្វើការពិសោធវិទ្យាសាស្ត្រនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ ទាក់ទងនឹងប្រភពទឹក រស្មីពីទីអវកាស និងវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចលើឋានរណបតែមួយគត់នេះរបស់ផែនដី។