ករណីផ្ទុះមួយដែលមានចម្ងាយពីផែនដី 3 ពាន់លានឆ្នាំពន្លឺ បង្កើតចេញលោហធាតុគ្រប់ប្រភេទដែលមានទម្ងន់សរុបលើសពីភព ព្រះចន្ទ និងអាចម៍ផ្កាយក្នុងប្រព័ន្ធព្រះអាទិត្យបូកបញ្ចូលគ្នាទៅទៀត។
ឆ្នាំ 2021 ស្ថានីយសង្កេតតារា Neil Gehrels បានរកឃើញករណីច្របាច់បញ្ចូលគ្នារវាងវត្ថុអវកាសក្រាស់ៗចំនួនពីរដែលហៅថា kilonova និងត្រូវបានដាក់ឈ្មោះឱ្យថា GRB 211211A។ នេះគឺជាឧទាហរណ៍ជិតបំផុតស្ដីពីព្រឹត្តិការណ៍តារាសាស្ត្រកម្រចួបនេះដែលមនុស្សមិនបានរកឃើញជាមួយនឹងរលកទំនាញ។ GRB 211211A ប្លែកពីគេ ដោយសារតែពន្លឺហ្គាម៉ា (GRB) ដែលវាបញ្ចេញ អូសបន្លាយពេលមួយនាទី។ កន្លងមក ថេរវេលាដូចគ្នានេះតែងតែអមជាមួយនឹង GRB ពីហេតុការណ៍ផ្ទុះផ្កាយនានាដែលហៅថាស៊ូពើណូវ៉ា ជំនួសឱ្យការច្របាច់បញ្ចូលគ្នារវាងផ្កាយនឺត្រុង។
ទំព័រ IFL Science រាយការណ៍កាលពីថ្ងៃទី 15 សីហាថា លទ្ធផលនៃការស្រាវជ្រាវចំនួនបួនត្រូវបានប្រកាសដំណាលគ្នាលើទស្សនាវដ្ដី Nature បរិយាយអំពីការរកឃើញខាងលើ និងដំណើរការដែលអាចបង្កើតបានជាព្រឹត្តិការណ៍បែបនេះ។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៃហេតុការណ៍នេះ អាចជាបរិមាណវត្ថុធាតុធ្ងន់ៗដែលត្រូវបានបង្កើតឡើងពីការផ្ទុះដ៏អស្ចារ្យ ក្នុងនោះមានទាំងលោហធាតុកម្រ មានដូចជា មាស និងប្លាទីនជាដើម។
ជាធម្មតា ផ្កាយមួយដួងតែងច្របាច់អ៊ីដ្រូសែនបញ្ចូលគ្នាឱ្យក្លាយជាអេល្យូម រួចក៏ប្រែក្លាយអេល្យូមទៅជាសារធាតុដទៃៗនៅក្នុងវដ្ដរបស់វា។ ពេលស្លាប់ទៅ ផ្កាយដែលមានម៉ាសតូចទាបនឹងបង្កើតសារធាតុថ្មីៗ ប៉ុន្តែវត្ថុធាតុភាគច្រើនទាមទារឱ្យមានវិធីកកើតដ៏ខ្លាំងក្លា។ សារធាតុដូចអាលុយមីញ៉ោម និងប៉ូតាស្យូមកកើតពីហេតុការណ៍ផ្ទុះផ្កាយមួយដួងដោយឡែកពីគ្នា (ស៊ូពើណូវ៉ា) ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា មានប្រភពសារធាតុធ្ងន់ៗដទៃ ដោយសារថា ចំនួនករណីផ្ទុះស៊ូពើណូវ៉ាដែលពួកគេបានប្រទះ មិនសមស្របនឹងកម្រិតសម្បូរបែបរបស់សារធាតុធ្ងន់ៗ។
នៅពេលផ្កាយនឺត្រុងពីរដួងប៉ះទង្គិចគ្នា និងត្រូវបានច្របាច់បញ្ចូលគ្នា ថាមពលដែលពួកវាបញ្ចេញកកើតទៅជាលោហធាតុធ្ងន់ជាងឆ្ងាយបើធៀបនឹងហេតុការណ៍ផ្ទុះស៊ូពើណូវ៉ា។ បើទោះជាគីឡូណូវ៉ា កម្រកើតមាន បើធៀបនឹងស៊ូពើណូវ៉ា តែពួកវាបង្កើតសារធាតុធ្ងន់ៗច្រើនជាង និងកាន់កាប់លោហធាតុធ្ងន់ៗភាគច្រើនដែលមាននៅក្នុងចក្រវាល។ ឧទាហរណ៍៖ ព្រះអាទិត្យមានម៉ាសធ្ងន់ជាងផែនដី 330,000 ដង ខណៈ 99.5% នៃសម្បកផែនដីមានផ្ទុកសារធាតុមិនធ្ងន់ជាងដែក។ ប្រការនេះបញ្ចាក់ថា «រោងចក្រផលិតមាសក្នុងចក្រវាល» មានទំហំធំខ្លាំងណាស់។
ដើម្បីឱ្យដឹងថា ព្រឹត្តិការណ៍ដូច GRB 211211A រួមចំណែកអ្វីខ្លះក្នុងការកកើតសារធាតុធ្ងន់ៗក្នុងចក្រវាល ក្រុមអ្នកវិទ្យាសាស្ត្រត្រូវការដឹងអំពីចំនួនរបស់ពួកវា។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកអ្វីដែលបានបង្កើត GRB 211211A។ បច្ចុប្បន្ន សម្មតិកម្មមួយត្រូវបានលើកឡើង នោះគឺការច្របាច់បញ្ចូលគ្នារវាងផ្កាយនីត្រុង និងកូនផ្កាយក្រិនពណ៌ស បង្កើតឱ្យមាន GRB 211211A មិនមែនការបុកបញ្ចូលគ្នារវាងផ្កាយនីត្រុងពីរដួងនោះទេ៕