មហារលកយក្សកើតឡើងម្ដងៗមានកម្ពស់ 4 លានគីឡូម៉ែត្រ ដែលបោកខ្ទប់លើផ្ទៃផ្កាយនេះ សុទ្ធតែបញ្ចេញថាមពលមហាសាល គ្រប់គ្រាន់អាចកម្ទេចផែនដីឱ្យក្លាយជាបំណែករាប់រយ។
ផ្កាយខ្នាតយក្សមួយដួងកំពុងស្ថិតក្នុងដំណាក់កាលឆ្លងកាត់រលកយក្សដ៏ខ្លាំងក្លា និងខ្ពស់ជាងព្រះអាទិត្យ 3 ដង បោកខ្ទប់ទៅលើផ្ទៃរបស់វា។ ផ្កាយដែលមានរហ័សនាមថា «ផ្កាយចង្វាក់បេះដូង» នេះ ក៏ជាវត្ថុអវកាសដែលមានពន្លឺប្រែប្រួលខ្លាំងទៅតាមវដ្ដ នៅពេលកម្លាំងទំនាញរបស់ផ្កាយមួយដួងដែលរួមដំណើរ ទាញវាឱ្យទៅជារាងពងក្រពើ។ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 15 សីហា 2023។
តាមជាក់ស្ដែង រលកយក្សនៅលើផ្កាយចង្វាក់បេះដូង កើតឡើងក្រោមឥទ្ធិពលរបស់ផ្កាយដែលធ្វើដំណើរជាមួយ នៅពេលវាគោចរដល់ចំណុចក្បែរបំផុត ទៅតាមគន្លងដែលមានរូបរាងដូចពងក្រពើ និងមានវដ្ដ 32.8 ថ្ងៃ។ ដូចទៅនឹងទំនាញរបស់ព្រះចន្ទដែលជាប្រភពនៃបាតុភូតទឹកជោរនាចនៅលើផែនដីនៅពេលវាអូសមហាសមុទ្រទៅរកវា កម្លាំងទំនាញរបស់ផ្កាយរួមដំណើរក៏ទាញវត្ថុធាតុពីផ្កាយចង្វាក់បេះដូងទៅរកវាក្នុងល្បឿនលឿនជាងសំឡេង បង្កើតបានជាមហារលកយក្សប្លាស្មា។
ប្រព័ន្ធផ្កាយភ្លោះខាងលើមានឈ្មោះថា MACHO 80.7443.1718 និងមានចម្ងាយពីផែនដី 169,000 ឆ្នាំពន្លឺ ស្ថិតក្នុងបណ្ដុំពពក Magellan ធំ។ ប្រព័ន្ធផ្កាយនេះរួមមាន ផ្កាយធំជាងគេមានម៉ាសធំជាងព្រះអាទិត្យ 35 ដង និងផ្កាយរួមដំណើរមួយដួងដែលតូចជាង។
ដោយសារតែរូបរាងរបស់ផ្កាយធំជាងគេក្នុងប្រព័ន្ធ MACHO 80.7443.1718 ត្រូវប្រែប្រួល ពួកវាប្ដូរវេនគ្នាបែរផ្ទៃមុខធំជាង និងតូចជាងតម្រង់មកកាន់ផែនដី នាំឱ្យពន្លឺមានការប្រែប្រួលចុះឡើងដូចចង្វាក់បេះដូង។ នេះគឺជាមូលហេតុដែល MACHO 80.7443.1718 មានរហ័សនាមថា ផ្កាយចង្វាក់បេះដូង។ ឱ្យតែគោចរបាន 32.8 ថ្ងៃ ផ្កាយនេះត្រូវឆ្លងកាត់វដ្ដធម្មតាមួយដែលមានពន្លឺកើនឡើង 20% ខ្ពស់ជាង 200 ដង បើធៀបនឹងការប្រែប្រួលពន្លឺរបស់បណ្ដាផ្កាយប្រភេទចង្វាក់បេះដូងដទៃ។
តារាវិទូ Morgan MacLeod និងសហការីនៅមជ្ឈមណ្ឌល Harvard – Smithsonian បានរកឃើញថា MACHO 80.7443.1718 មិនត្រឹមតែមានផ្កាយពីរដួងដែលជាប្រភេទផ្កាយចង្វាក់បេះដូងនោះទេ តែមហារលកយក្សប្លាស្មាដែលកើត ពីទំនាញរវាងផ្កាយទាំងពីរនេះ ក៏ខ្ពស់ និងមានថាមពលខ្លាំងក្លាផងដែរ។ «រលកយក្សដែលកើតឡើងម្ដងៗ មានកម្ពស់ 4 លានគីឡូម៉ែត្រ និងបើកខ្ទប់លើផ្ទៃផ្កាយនេះ សុទ្ធតែបញ្ចេញថាមពលច្រើនគ្រប់គ្រាន់អាចកម្ទេចផែនដីឱ្យក្លាយជាបំណែករាប់រយ» Morgan MacLeod ឱ្យដឹងដូច្នេះ។
ផ្កាយធំជាងគេក្នុងប្រព័ន្ធ MACHO 80.7443.1718 មានកាំប្រវែង 16.7 លានគីឡូម៉ែត្រ វែងជាងកាំរបស់ព្រះអាទិត្យ 24 ដង។ MACHO 80.7443.1718 មានអាយុទើបតែ 6 លានឆ្នាំ ហើយវានឹងផ្ទុះទៅជាស៊ូពើណូវ៉ាក្រោយរយៈពេលតែប៉ុន្មានលានឆ្នាំទៀតប៉ុណ្ណោះ៕