បាតុភូតសូរ្យគ្រាស «រង្វង់មូលភ្លើង» នេះ នឹងអាចមើលឃើញពីរដ្ឋចំនួន 8 របស់សហរដ្ឋអាម៉េរិក នៅថ្ងៃទី 14 តុលាឆ្នាំនេះ។
នៅថ្ងៃទី 14 តុលា 2023 បាតុភូតសូរ្យគ្រាសរូបរាងចិញ្ចៀន ឬហៅថា «រង្វង់មូលភ្លើង» នឹងធ្វើដំណើរឆ្លងកាត់អាម៉េរិកខាងជើង ហើយមនុស្សភាគច្រើនមានឱកាសមើលឃើញបាតុភូតនេះម្ដងក្នុងជីវិត នៅរដ្ឋមួយចំនួន 8 របស់សហរដ្ឋអាម៉េរិក។
ក្នុងអំឡុងពេលបាតុភូតនេះកើតឡើង ប្រជាជនដែលស្ថិតនៅអាម៉េរិកខាងជើង អាម៉េរិកកណ្ដាល និងអាម៉េរិកខាងត្បូង នឹងមើលឃើញសូរ្យគ្រាសមួយផ្នែកក្នុងរយៈពេលប្រហែលបីម៉ោង ប៉ុន្តែបាតុភូតរង្វង់មូលភ្លើង បង្ហាញខ្លួនតែប៉ុន្មាននាទីប៉ុណ្ណោះ ។
សូរ្យគ្រាសរាងរង្វង់មូលភ្លើងខុសពីសូរ្យគ្រាសពេញវង់ដែលនឹងកើតឡើងក្នុងថ្ងៃទី 08 មេសា ឆ្នាំ 2024 នៅម៉ិកស៊ិក សហរដ្ឋអាម៉េរិក និងកាណាដា។
អ្នកវិទ្យាសាស្ត្រឱ្យដឹងថា ចំពោះបាតុភូតសូរ្យគ្រាសរាងរង្វង់មូលភ្លើង មនុស្សមិនអាចមើលឃើញស្រមោលងងឹត និងមានសីតុណ្ហភាពទាបជាង ប៉ុន្តែអ្វីដែលទទួលបានគឺ «រង្វង់មូលភ្លើង»។
បាតុភូតសូរ្យគ្រាសរាងរង្វង់មូលភ្លើង គឺជាលទ្ធផលដែលកើតឡើងនៅពេលព្រះចន្ទគោចរមកដល់ចំណុចចន្លោះព្រះអាទិត្យ និងផែនដី ហើយស្ថិតនៅឆ្ងាយពីផែនដីជាងធម្មតា ដោយសារតែគន្លងគោចររបស់ព្រះចន្ទមានរាងស្រដៀងនឹងពងក្រពើ។
ក្នុងបាតុភូតខាងលើ ព្រះចន្ទនឹងបាំងពន្លឺដែលជះពីព្រះអាទិត្យមកកាន់ផែនដីប្រមាណ 91%។ ដូច្នេះពន្លឺនៅសល់ 9% ទៀតក៏បង្កើតបានជារូបរាងរង្វង់មូលភ្លើង៕