បេក្ខភាពសម្រាប់តំណែងប្រធានាធិបតីរបស់ប្រទេសអេក្វាទ័រ លោក Fernando Villavicencio អាយុ 59 ឆ្នាំ ត្រូវបានគេលួចបាញ់សម្លាប់ បន្ទាប់ពីព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោតនៅរដ្ឋធានីគីតូ។
លោក Villavicencio ដែលជាអតីតតំណាងរាស្ត្រ និងជាអ្នកសារព័ត៌មានមួយរូប ត្រូវបានខ្មាន់កាំភ្លើងលួចធ្វើឃាតដោយការបាញ់ប្រហារបីគ្រាប់ នៅពេលលោកកំពុងត្រូវបានក្រុមអង្គរក្សអមការពារចេញមកកាន់រថយន្ត ក្រោយពីការឃោសនារកសំឡេងឆ្នោតនៅគីតូ កាលពីថ្ងៃទី 09 សីហា 2023។ គ្រាប់បែកដៃមួយគ្រាប់ក៏ត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែមិនទាន់បានដកគន្លឹះ។
ទិដ្ឋភាពក្នុងវីដេអូដែលបង្ហោះលើបណ្ដាញសង្គមបង្ហាញថា គ្រប់គ្នាស្រែក និងរត់រកកន្លែងពួន នៅពេលមានសំឡេងគ្រាប់កាំភ្លើង។ វីដេអូដទៃបង្ហាញថា ជនសង្ស័យពាក់អាវពណ៌ស ត្រូវបានមនុស្សម្នាគ្រប់គ្រងនៅកន្លែងកើតហេតុ។