ហេតុការណ៍ផ្ទុះដ៏ធំមួយបានកើតឡើងនៅឯរោងចក្រផលិតឧបករណ៍អុបទិក ស្ថិតក្នុងទីក្រុង Sergiev Posad ក្បែររដ្ឋធានីមូស្គូ បានបង្កឱ្យមានផ្សែងខ្មៅយ៉ាងខ្ពស់ និងមនុស្ស 11 នាក់រងរបួស។
អ្នកនាំពាក្យអង្គភាពបន្ទាន់របស់មូស្គូ ឱ្យដឹងថា ករណីផ្ទុះបានកើតឡើងកាលពីព្រឹកមិញ នៅឯរោងចក្រមេកានិច និងអុបទិក Zagorsk ក្នុងទីក្រុង Sergiev Posad ជាយខាងក្រៅនៃរដ្ឋធានីមូស្គូ។ «ករណីផ្ទុះនេះ ទំនងជាចាប់ផ្ដើមចេញពីតំបន់ឡចំហាយ និងបានធ្វើឱ្យបែកទ្វារ និងបង្អួចកញ្ចក់របស់អគារជាច្រើននៅក្នុងទីក្រុង» អ្នកនាំពាក្យរូបនេះនិយាយដូច្នេះ។
មន្ត្រីក្នុងតំបន់ឱ្យដឹងថា ហេតុការណ៍នេះបានបណ្ដាលឱ្យមានមនុស្សរងរបួស 11 នាក់ ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។
រោងចក្រខាងលើគឺជាកន្លែងផលិតឧបករណ៍អុបទិកដែលមានសុក្រឹតភាពកម្រិតខ្ពស់សម្រាប់កងទ័ពរុស្ស៊ី ក្នុងនោះមានទាំងកែវយឹត និងវ៉ែនតាសម្រាប់មើលពេលយប់ផងដែរ។ ករណីនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងទ័ពរុស្ស៊ីប្រកាសថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបរ (UAV) ចំនួន 2 គ្រឿងរបស់អ៊ុយក្រែន នៅលើដែនអាកាសរុស្ស៊ី៕