ឧបនាយករដ្ឋមន្ត្រីថៃ Wissanu បានស្នើឱ្យលោក ថាក់ស៊ីន កុំត្រលប់ចូលប្រទេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកបុណ្យ ព្រោះនឹងបង្កការលំបាកនៅពេលអនុវត្តបទបញ្ជាចាប់ខ្លួន។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam កាលពីថ្ងៃទី 08 សីហា ឱ្យដឹងថា អាជ្ញាធរប្រទេសនេះបានត្រៀមផែនការរួចរាល់ហើយសម្រាប់ថ្ងៃដែលលោក ថាក់ស៊ីន ត្រលប់ចូលប្រទេស។ យោងតាមលោក Wissanu តុលាការ និងអគ្គនាយកដ្ឋានពន្ធនាគារ សុទ្ធតែបានត្រៀមខ្លួនរួចរាល់ ប៉ុន្តែថា លោក ថាក់ស៊ីន មិនគួរត្រលប់ចូលប្រទេសក្នុងថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។
«ក្នុងថ្ងៃនោះ តុលាការ ដែលជាស្ថាប័នត្រូវធ្វើការកំណត់យកពន្ធនាគារសម្រាប់ការឃុំខ្លួនលោក ថាក់ស៊ីន មិនធ្វើការ។ ប្រការនេះនឹងបង្កការលំបាក ព្រោះយើងត្រូវរកទីតាំងដើម្បីឃុំខ្លួនលោក ថាក់ស៊ីន ជាបណ្ដោះអាសន្ន ក្នុងពេលរង់ចាំការសម្រេចពីតុលាការ» ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu និយាយដូច្នេះ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្មីៗនេះបានប្រកាសថា នឹងវិលចូលប្រទេសថៃវិញនៅថ្ងៃទី 10 សីហា ក្រោយការរស់នៅដោយនិរទេសខ្លួនអស់មួយរយៈពេលយូរ។ ក៏ប៉ុន្តែ ក្រោយមក អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានប្រកាសពន្យារពេលនៃការវិលចូលស្រុក ព្រោះបញ្ហាសុខភាព។
ប្រភពព័ត៌មានខ្លះថា លោក ថាក់ស៊ីន នឹងចូលស្រុកវិញ នៅពេលបក្ស Pheu Thai របស់កូនស្រីលោក ឡើងកាន់អំណាច។ បក្ស Pheu Thai កាលពីថ្ងៃទី 07 សីហា បានប្រកាសបង្ហាញសម្ព័ន្ធភាពថ្មីដើម្បីឡើងកាន់អំណាច។ ប្រធានសភាថៃ កាលពីសប្ដាហ៍កន្លងឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនឹងធ្វើឡើងនៅក្រោយថ្ងៃទី 16 សីហា 2023។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានបណ្ដេញចេញពីអំណាចដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ 2006។ ក្នុងអំឡុងពេលអវត្តមាន លោក ថាក់ស៊ីន ក៏ត្រូវតុលាការថៃផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ 12 ឆ្នាំ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu បានប្រកាសថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន នឹងត្រូវជាប់ពន្ធនាគារភ្លាមៗនៅពេលលោកត្រលាប់ចូលប្រទេស ហើយអាចដាក់លិខិតសូមការលើកលែងទោសពីព្រះមហាក្សត្រ។ អគ្គនាយកដ្ឋានពន្ធនាគារថៃ ឱ្យដឹងថា បើសិនលោក ថាក់ស៊ីន វិលត្រលប់មកទទួលទោស ពួកគេគ្រោងនឹងឃុំខ្លួនលោកតែម្នាក់ឯង ដើម្បីការពារសុវត្ថិភាព៕