ដុំភ្លើងយ៉ាងភ្លឺ និងសំឡេងផ្ទុះលាន់កក្រើកមេឃរបស់រដ្ឋ Victoria នៅអូស្ត្រាលីកាលពីពេលថ្មីៗនេះ អាចគ្រាន់តែជាបំណែកនៃរ៉ុក្កែតរបស់ប្រទេសរុស្ស៊ី នៅក្នុងការបាញ់បង្ហោះផ្កាយរណបក្នុងថ្ងៃជាមួយគ្នា នៅវាកំពុងធ្លាក់។
7 News Australia កាលពីថ្ងៃទី 08 សីហា បានផ្សាយថា ដុំភ្លើងបានបង្ហាញខ្លួនកាលពីថ្ងៃទី 07 សីហា ធ្វើឱ្យប្រជាជននៅ Melbourne ដែលជាទីក្រុងរដ្ឋបាលរបស់រដ្ឋ Victoria និងតំបន់មួយចំនួនផ្សេងទៀតរបស់រដ្ឋនេះ បានទស្សនាទិដ្ឋភាពដ៏អស្ចារ្យ។
ព័ត៌មានដំបូងៗនិយាយថា ដុំភ្លើងនេះអាចជាអាចម៍ផ្កាយកំពុងធ្លាក់។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា នោះគឺជាបំណែកមួយនៃសំរាមអវកាស។ នេះបើតាមទំព័រ Space។
អ្នកតារាសាស្ត្រនៅសហរដ្ឋអាម៉េរិក និយាយថា ដុំភ្លើងនោះគឺជាកំណាត់ទីបីរបស់រ៉ុក្កែត Soyuz 2 ដែលត្រូវបានរុស្ស៊ីបាញ់បង្ហោះពីព្រលានយានអវកាស Plesetsk នៅភាគពាយព្យប្រទេសរុស្ស៊ី មុននោះច្រើនម៉ោងប៉ុណ្ណោះ។
រ៉ុក្កែតនេះមានភារកិច្ចនាំយកផ្កាយរណប GLONASS-K2 របស់ប្រទេសរុស្ស៊ី ឡើងទៅកាន់ទីអវកាស។
តាមការគណនារបស់ក្រុមអ្នកជំនាញ ដងខ្លួនរបស់រ៉ុក្កែតរុស្ស៊ីខាងលើ ត្រូវធ្លាក់ត្រលប់មកកាន់ផែនដីនៅភាគអាគ្នេយ៍នៃតំបន់ Tasmania លើមហាសមុទ្រធំធេង បន្ទាប់ពីបានបាញ់បង្ហោះ។ នៅតាមផ្លូវធ្លាក់ត្រលប់មកកាន់ផែនដី កំណាត់ខាងក្រោមរបស់រ៉ុក្កែតនេះបានបញ្ចេញពន្លឺលើផ្ទៃមេឃរបស់អូស្ត្រាលី ដោយសារតែឆេះ នៅពេលកកិតនឹងបរិយាកាស៕