យានអវកាសរបស់អាម៉េរិកដែលបានហោះដល់តំបន់អន្តរតារា និងបានដាច់ទំនាក់ទំនងជាមួយណាសាមុននេះ បានចាប់ផ្ដើមបញ្ជូនទិន្នន័យមកកាន់ផែនដីវិញហើយ កាលពីថ្ងៃទី 04 សីហា។
យានអវកាស Voyager 2 ភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយផែនដី និងកំពុងដំណើរការធម្មតា។ បេសកកម្មយូរឆ្នាំ Voyager 2 របស់ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា-NASA) ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ 1977 ហើយបច្ចុប្បន្នស្ថិតនៅចម្ងាយ 19.9 ពាន់លានគឺឡូម៉ែត្រពីផែនដី។ យាននេះបានដាច់ទំនាក់ទំនងនឹងណាសា បន្ទាប់ពីកូដបញ្ជាមួយចំនួនបានធ្វើឱ្យអង់តែនរបស់ Voyager 2 ងាកចេញពីផែនដីកាលពីថ្ងៃទី 28 សីហា។ នេះបើតាមការផ្សាយរបស់ Live Science។
កាលពីថ្ងៃទី 01 សីហា ក្រុមអ្នកជំនាញរបស់ទីភ្នាក់ងារអវកាសអាម៉េរិក (NASA) បានទទួលរលកសញ្ញាដែលអាចឱ្យពួកគេភ្ជាប់ទំនាក់ទំនងឡើងវិញ។ Voyager 2 ត្រូវបានដំឡើងកម្មវិធីដែលអាចបង្វែរទិសរបស់អង់តែនដោយឯកឯងច្រើនដងក្នុងមួយឆ្នាំ ក្នុងករណីមានបញ្ហា។ ការបង្វែរអង់តែនដោយស្វ័យប្រវត្តតម្រង់មកកាន់ផែនដីលើកបន្ទាប់នឹងធ្វើឡើងនៅក្នុងខែតុលាឆ្នាំនេះ។
យានអវកាស Voyager 1 និង Voyager 2 ត្រូវបានបាញ់បង្ហោះកាលពីខីសីហា និងកញ្ញា ឆ្នាំ 1977 ក្នុងនោះ Voyager 2 ត្រូវបានបាញ់បង្ហោះមុន។ យានទាំងពីរនេះសុទ្ធតែបានហោះកាត់ពីមុខបណ្ដាភពដែលនៅជាយប្រព័ន្ធព្រះអាទិត្យ មុនពេលឆ្លងកាត់ព្រំដែនឆ្ងាយបំផុតរបស់តំបន់ហេលីអូស្ពែរ (Heliosphere) ជាស្រទាប់ក្រៅបង្អស់នៃបរិយាកាសព្រះអាទិត្យដែលបែងចែកប្រព័ន្ធព្រះអាទិត្យពីតំបន់អន្តរតារា។
យាន Voyager 1 បានទៅដល់តំបន់អន្តរតារាមុន ដោយបានឆ្លងកាត់ហេលីអូស្ពែរកាលពីខែសីហា 2012។ បច្ចុប្បន្ន យាននេះកំពុងស្ថិតឆ្ងាយពីផែនដី 23.8 ពាន់លានគីឡូម៉ែត្រ។ Voyager 1 និង Voyager 2 នៅសល់ថាមពលដែលអាចឱ្យប្រើប្រាស់បានរហូតដល់យ៉ាងតិចត្រឹមឆ្នាំ 2025។
Voyager 1 និង Voyager 2 នឹងនៅតែអាចបន្តបំពេញបេសកកម្មផ្ញើសារទៅកាន់ភាវៈរស់នៅក្នុងប្រព័ន្ធផ្កាយនានា បន្ទាប់ពីពួកវាអស់ថាមពល ដោយសារតែមានបំពាក់ថាសដែលផ្ទុកសារពីមនុស្សលោក ក្នុងនោះមានទាំងសំឡេងនានា និងផែនទីផ្កាយរបស់ផែនដីជាដើម៕