កាលពីថ្ងៃទី 03 សីហា ទំព័រ RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ប្រទេសនេះនឹងបាញ់បង្ហោះយានស្រាវជ្រាវព្រះចន្ទ Luna-25 នៅក្នុងខែសីហាខាងមុខ ដែលនេះគឺជាជំហានដំបូងនៅក្នុងការវិលត្រលប់មករកកម្មវិធីស្រាវជ្រាវឋានព្រះចន្ទរបស់រុស្ស៊ី ក្រោយការផ្អាកអស់រយៈពេលជិត 50 ឆ្នាំ។
យោងតាម RIA Novosti កាលបរិច្ឆេទសម្រាប់ការបាញ់បង្ហោះយាន Luna-25 ត្រូវបានកំណត់យកវេលាទៀបភ្លឺ ថ្ងៃទី 11 សីហា 2023។ រ៉ុក្កែត Soyuz-2.1b នឹងត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Vostochny ក្នុងខេត្ត Amur នៅវេលាម៉ោង 02 និង 10 នាទី (ម៉ោងនៅមូស្គូ) នាំយកកំណាត់ខាងលើ Fregat និងស្ថានីយស្វ័យប្រវត្តឡើងទៅកាន់ទីអវកាស។ បន្ទាប់ពីត្រូវបានបាញ់បង្ហោះ និងផ្ដាច់ខ្លួនពីរ៉ុក្កែត កំណាត់ខាងលើ Fregat នឹងនាំស្ថានីយស្វ័យប្រវត្តឆ្ពោះទៅកាន់គន្លងតារាវិថីផែនដី និងហោះសំដៅឋានព្រះចន្ទ។ ក្រោយរយៈពេលបួនថ្ងៃកន្លះ ស្ថានីយនេះនឹងហោះចូលដល់គន្លងតារាវិថីជុំវិញឋានព្រះចន្ទ រួចកែប្រែគន្លងគោចរជាច្រើនលើក មុននឹងចុះចតនៅតំបន់ប៉ូលខាងត្បូង។
បេសកកម្មរបស់ Luna-25 គឺជាការសាកល្បងបច្ចេកវិទ្យានានាដែលទាក់ទងនឹងការចុះចតលើតំបន់ប៉ូលរបស់ព្រះចន្ទ និងការស្រាវជ្រាវ ពិសោធទៅលើប្រភពធនធាននានានៅលើឋានមួយនេះ ក្នុងនោះមានទឹកជាដើម។ ភារកិច្ចផ្នែកវិទ្យាសាស្ត្ររបស់ Luna-25 គ្រោងនឹងអូសបន្លាយពេលមួយឆ្នាំ។
យានស្រាវជ្រាវព្រះចន្ទមុននោះរបស់ប្រទេសរុស្ស៊ី គឺ Luna-24 ដែលត្រូវបានបាញ់ប្រហោះឡើងទៅកាន់ទីអវកាសកាលពីឆ្នាំ 1976។ ព្រឹត្តិការណ៍នោះបានក្លាយជាប្រវត្តិសាស្ត្រនៃការស្រាវជ្រាវទីអវកាសរបស់ពិភពលោក នៅពេលវាយកបានសំណាកដីពីឋានព្រះចន្ទ ដែលក្រោយមកត្រូវបានបញ្ជាក់ថា ទឹកមានវត្តមាននៅលើឋានរណបមួយនេះ។
តាមផែនការ ក្រោយពីព្រឹត្តិការណ៍បាញ់បង្ហោះ Luna-25 រុស្ស៊ីក៏មានគម្រោងបាញ់បង្ហោះយាន Luna-26 និង Luna-27 នៅក្នុងឆ្នាំ 2024 និង 2025 ផងដែរ៕