ក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) បានទទួលស្គាល់ការស្លាប់របស់មេដឹកនាំកំពូល Abu Hussein al-Husseini al-Qurashi ហើយក៏ប្រកាសថា បានជ្រើសតាំងមេដឹកនាំថ្មីរួចហើយ។
នៅក្នុងសារជាសំឡេងមិនមានថ្ងៃខែដែលត្រូវបានបង្ហោះលើ Telegram កាលពីថ្ងៃទី 03 សីហា អ្នកនាំពាក្យរបស់ក្រុមប្រដាប់អាវុធដែលហៅខ្លួនឯងថា អង្គការរដ្ឋអ៊ីស្លាម (Islamic State) បាននិយាយថា Qurashi ត្រូវបានគេសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយនឹង Hayat Tahrir al-Sham (HTS) ដែលជាក្រុមអ៊ីស្លាមមួយក្រុមផ្សេងទៀត កំពុងកាន់អំណាចនៅមូលដ្ឋានរបស់ក្រុមប្រឆាំងនៅភាគពាយព្យប្រទេសស៊ីរី។
«មេដឹកនាំ Qurashi ត្រូវបានគេសម្លាប់នៅពេល HTS ព្យាយាមចាប់ខ្លួនលោកជាចំណាប់ខ្មាំង។ លោកបានប្រយុទ្ធតតាំងនឹងពួកវារហូតដល់បាត់បង់ជីវិតដោយសារតែរបួស» អ្នកនាំពាក្យរបស់ IS ឱ្យដឹងដូច្នេះ និងបានចោទថា HTS បានបង្ហាញទីតាំងប្រាប់ក្រុមស៊ើបការណ៍សម្ងាត់តួកគី។
យោងតាមអ្នកនាំពាក្យខាងលើ Abu Hafs al-Hashimi al-Qurashi ត្រូវបានតែងតាំងជំនួស Qurashi ប៉ុន្តែមិនបានបង្ហើបឱ្យដឹងព័ត៌មានលើសពីនេះ។
នេះទំនងជាសេចក្ដីប្រកាសផ្លូវការដំបូងរបស់ IS ស្ដីពីការស្លាប់របស់ Qurashi រាប់ចាប់តាំងពីតួកគីប្រកាសកាលពីខែមេសាថា កងកម្លាំងស៊ើបការណ៍សម្ងាត់របស់តួកគីបានសម្លាប់មេដឹកនាំរូបនេះនៅប្រទេសស៊ីរី។
Abu Hussein al-Husseini al-Qurashi បានឡើងកាន់អំណាចកាលពីខែវិច្ឆិកា 2022 បន្ទាប់ពីមេដឹកនាំមុនត្រូវបានសម្លាប់នៅស៊ីរី។
IS ធ្លាប់គ្រប់គ្រងតំបន់ដ៏ធំនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលមានប្រជាជនប្រហែល 10 លាន ហើយក៏បានប្រកាសបង្កើតប្រទេសអ៊ីស្លាមដាច់ដោយឡែក។ ក៏ប៉ុន្តែ ក្រុមជ្រុលនិយមនេះបានរងការបរាជ័យជាបន្តបន្ទាប់នៅចំពោះមុខយុទ្ធនាការយោធារៀងៗខ្លួនរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយអាម៉េរិក និងកងទ័ពស៊ីរីដែលគាំទ្រដោយរុស្ស៊ី។
តាំងពីបានបាត់បង់មូលដ្ឋានចុងក្រោយនៅតំបន់សមុទ្រខ្សាច់នៅភាគខាងកើតប្រទេសស៊ីរីកាលពីខែមីនា 2019 ខ្មាន់កាំភ្លើងរបស់ IS បានដកថយទៅលាក់ខ្លួនក្នុងសមុទ្រខ្សាច់ និងលបវាយប្រហារម្ដងម្កាលលើកម្លាំងរបស់ជនជាតិឃើដ ក៏ដូចជាអាជ្ញាធរស៊ីរី។
ក្រុមមន្ត្រីអាម៉េរិកឱ្យដឹងថា ក្រុមជ្រុលនិយមដែលរួមមានខ្មាន់កាំភ្លើងរាប់ពាន់នាក់នៅទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីកណ្ដាល និងតំបន់ជាច្រើនផ្សេងទៀត នៅតែជាការគំរាមកំហែងចំពោះពិភពលោក៕