Airbus និងក្រុមហ៊ុនអាម៉េរិក Voyager Space កាលពីថ្ងៃទី 02 សីហា បានប្រកាសបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមដើម្បីអភិវឌ្ឍ Starlab ដែលជាកំណែស្ថានីយអវកាសពាណិជ្ជកម្ម ដែលអាចជំនួសស្ថានីយអវកាសអន្តរជាតិ (ISS)។
ក្រុមហ៊ុនបណ្ដាក់ទុនរួមដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអាល្លឺម៉ង់នេះ គ្រោងនឹងអាចឆ្លើយតបនឹងតម្រូវការពីបណ្ដាទីភ្នាក់ងារអវកាសនៅលើពិភពលោក ទន្ទឹមនឹងការបើកផ្លូវឱ្យមានឱកាសថ្មីសម្រាប់វិស័យពាណិជ្ជកម្ម។ នេះបើតាម Matthew Kuta ប្រធានក្រុមហ៊ុន Voyager Space។
ដើម្បីជំនួស ISS ណាសាមានគម្រោងទិញសេវាកម្មពីដៃគូសហការជំនួសឱ្យការចាត់ចែងកម្មវិធីដោយផ្ទាល់ ដូចទៅនឹងអ្វីដែលបានអនុវត្តនៅក្នុងការនាំអវកាសចរឡើងទៅកាន់ទីអវកាស។ Voyager Space ទទួលបានកិច្ចព្រមព្រៀងតម្លៃ 160 លានដុល្លារពីណាសាកាលពីចុងឆ្នាំ 2021 ដើម្បីអភិវឌ្ឍ Starlab។
ទន្ទឹមនឹង Voyager Space ណាសាក៏បានប្រគល់ប្រាក់ 130 លានដុល្លារឱ្យ Blue Origin និង 126 លានដុល្លារឱ្យ Northrop Grumman ដើម្បីអភិវឌ្ឍបណ្ដាគម្រោងអវកាសដោយឡែក។ ក្រុមហ៊ុនអាម៉េរិក Axiom Space ក៏កំពុងអភិវឌ្ឍស្ថានីយអវកាសមួយក្រោមការជួយគាំទ្រពីណាសា និងក្រុមហ៊ុន Thales Alenia Space ផងដែរ។
AFP ឱ្យដឹងថា តាមផែនការ Starlab នឹងត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងតារាវិថីនៅឆ្នាំ 2028។ ស្ថានីយអវកាសថ្មីនេះនឹងមានអង្កត់ផ្ចិតប្រវែង 8 ម៉ែត្រ វែងជាងជិតពីរដងធៀបនឹង ISS ប៉ុន្តែផ្ទៃក្រឡាខាងក្នុងស្មើនឹងពាក់កណ្ដាល ព្រោះថា ISS មានម៉ូឌុលច្រើនជាង។