(ស៊ុយអែត) – អាយុរបស់មនុស្សគ្រោងនឹងកើនឡើងដល់ 120 ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ដោយសារតែបច្ចេកវិទ្យា និងចំណេះដឹងដែលបានពីវិបត្តិសុខភាពកូវីដ-19។ល។
បណ្ឌិត Ignat Kulkov នៅសាកលវិទ្យាល័យ Malardalen (MDU) ឱ្យដឹងថា អាយុរបស់មនុស្សអាចឡើងដល់ពី 100 ទៅ 120 នៅក្នុងអំឡុងឆ្នាំ 2070 យ៉ាងហោចណាស់នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍ។ នេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក Kulkov និងសហការីនៅប្រទេសហ្វាំងឡង់ បារាំង និងអង់គ្លេស ហើយត្រូវបានប្រកាសលើទស្សនាវដ្ដីវិទ្យាសាស្ត្រ Futures កាលពីថ្ងៃទី 30 កក្កដា 2023។
យោងតាមបណ្ឌិត Kulkov ពីមួយថ្ងៃទៅមួយថ្ងៃ មានមនុស្សកាន់តែច្រើនដែលពាក់ឧបករណ៍តាមដានសុខភាព។ ឧបករណ៍ទាំងនេះតែងត្រូវបានភ្ជាប់ជាមួយនឹងមន្ទីរពេទ្យ ជួយឱ្យវេជ្ជបណ្ឌិតអាចធ្វើរោគវិនិច្ឆ័យ និងណែនាំប្រកបដោយភាពសុក្រឹតសម្រាប់អ្នកប្រើប្រាស់ និងអ្នកជំងឺ ដែលនាំឱ្យពួកគេកែលំអការរស់នៅ ប្ដូរទម្លាប់មិនល្អសម្រាប់សុខភាពតាំងពីក្មេង ដូច្នេះពួកគេនឹងមានអាយុវែងជាងធម្មតា។
ក្រៅពីនេះ ការរីកចម្រើនរបស់វិស័យដទៃក៏អាចជួយឱ្យមនុស្សរស់បានយូរជាងមុន។ ឧទាហរណ៍ដូចជា វិបត្តិសុខភាពសកលកូវីដ-19 បានជួយឱ្យមនុស្សជាតិយល់ដឹងបន្ថែមអំពីការតាមដានវីរុសប្រកបដោយប្រសិទ្ធភាព។ បច្ចេកវិទ្យា រួមនឹងវិធីសាស្ត្រព្យាបាលបែបទំនើបនានាក៏ត្រូវបានបង្កើតឡើងក្នុងសម័យកូវីដផងដែរ។
តាមជាក់ស្ដែង អាយុរបស់មនុស្សបាន និងកំពុងកើនឡើងនៅក្នុងរយៈពេល 200 ឆ្នាំកន្លង។ កាលពីខែវិច្ឆិកា 2022 មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ បានព្យាករថា អាយុជាមធ្យមរបស់មនុស្សនៅទូទាំងសកលលោកកើតដល់ 77.2 ឆ្នាំនៅឆ្នាំ 2050 ដោយសារតែការរីកចម្រើននៃវិស័យវេជ្ជសាស្ត្រ ដែលក្នុងនោះមានទាំងវ៉ាក់សាំង និងថ្នាំរម្ងាប់មេរោគ ខណៈដែលអនាម័យ ការរស់នៅ ក៏ដូចជាអាហារ និងជីវជាតិក៏ត្រូវបានកែលំអ៕