បន្ទាប់ពីបានធ្វើឱ្យអង់តែនរបស់យានអវកាស Voyager 2 បែរទិសចេញពីផែនដីដោយអចេតនា ណាសាក៏ត្រូវដាច់ទំនាក់ទំនងជាមួយនឹងយានដែលកំពុងស្ថិតក្នុងតំបន់អន្តរតារាមួយគ្រឿងនេះ យ៉ាងតិចក៏រហូតដល់ថ្ងៃទី 15 តុលា។
ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) បានដាច់ទំនាក់ទំនងជាបណ្ដោះអាសន្នជាមួយនឹងយានអវកាស Voyager 2 ជាយានដែលហោះឆ្ងាយពីផែនដីបំផុតលំដាប់ទីពីរ ដោយបច្ចុប្បន្នកំពុងផ្លាស់ទីឆ្លងកាត់លំហអវកាសក្នុងតំបន់អន្តរតារា និងមានចម្ងាយពីផែនដីចំនួន 19.9 ពាន់លានគីឡូម៉ែត្រ។ ណាសាឱ្យដឹងថា ពួកគេបានដាច់ទំនាក់ទំនងជាមួយនឹងយាននេះតាំងពីថ្ងៃទី 21 កក្កដា 2023 បន្ទាប់ពីកូដបញ្ជាយានមួយចំនួនបានធ្វើឱ្យអង់តែនរបស់ Voyager 2 ត្រូវបែរល្អៀងពីមុខព្រួញមកកាន់ផែនដីប្រហែល 2 ឌឺក្រេ។
កំហុសខាងលើនេះធ្វើឱ្យណាសាមិនអាចទទួលទិន្នន័យដែលបញ្ជូនមកពី Voyager 2។ យានអវកាសនេះ បច្ចុប្បន្នកំពុងគោចរតែលតោលនៅក្នុងលំហអវកាសងងឹត ក្រោយពីបានហោះផុតពីតំបន់ព្រំដែនខាងក្រៅរបស់ប្រព័ន្ធព្រះអាទិត្យកាលពីខែវិច្ឆិកាឆ្នាំ 2018។
យោងតាមណាសា បញ្ហាដាច់ទំនាក់ទំនងនេះគ្រាន់តែជារឿងបណ្ដោះអាសន្ន។ Voyager 2 ត្រូវបានកំណត់ឱ្យកែតម្រូវទិសរបស់អង់តែនច្រើនដងក្នុងមួយឆ្នាំ ដើម្បីរក្សាទំនាក់ទំនងជាមួយនឹងផែនដី ក្នុងគ្រាដែលវាហោះកាន់តែឆ្ងាយ។ តាមការគ្រោងទុក Voyager 2 នឹងធ្វើការកែតម្រង់ទិសរបស់អង់តែនម្ដងទៀត នៅថ្ងៃទី 15 តុលាឆ្នាំ 2023 ពេលនោះទំនាក់ទំនងរវាងមនុស្សជាមួយនឹងយាននេះនឹងត្រូវបានភ្ជាប់ឡើងវិញ។
យានអវកាស Voyager 1 និង Voyager 2 ត្រូវបានបាញ់បង្ហោះកាលពីខីសីហា និងកញ្ញា ឆ្នាំ 1977 ក្នុងនោះ Voyager 2 ត្រូវបានបាញ់បង្ហោះមុន។
ថាសដែលផ្ទុកសារពីមនុស្សលោកនៅលើយានអវកាស Voyager
យានទាំងពីរនេះសុទ្ធតែបានហោះកាត់ពីមុខបណ្ដាភពដែលនៅជាយប្រព័ន្ធព្រះអាទិត្យ មុនពេលឆ្លងកាត់ព្រំដែនឆ្ងាយបំផុតរបស់តំបន់ហេលីអូស្ពែរ (Heliosphere) ជាស្រទាប់ក្រៅបង្អស់នៃបរិយាកាសព្រះអាទិត្យដែលបែងចែកប្រព័ន្ធព្រះអាទិត្យពីតំបន់អន្តរតារា។
យាន Voyager 1 បានទៅដល់តំបន់អន្តរតារាមុន ដោយបានឆ្លងកាត់ហេលីអូស្ពែរកាលពីខែសីហា 2012។ បច្ចុប្បន្ន យាននេះកំពុងស្ថិតឆ្ងាយពីផែនដី 23.8 ពាន់លានគីឡូម៉ែត្រ។ យោងតាមណាសា យាន Voyager 1 និង Voyager 2 នៅសល់ថាមពលដែលអាចឱ្យប្រើប្រាស់បានរហូតដល់យ៉ាងតិចត្រឹមឆ្នាំ 2025។
បើទោះអស់ថាមពលក៏ដោយ ពួកវានៅតែអាចបន្តបំពេញបេសកកម្មផ្ញើសារទៅកាន់ភាវៈរស់នៅក្នុងប្រព័ន្ធផ្កាយនានា។ ព្រោះថា នៅលើយានទាំងនេះមានបំពាក់ថាសដែលផ្ទុកសារពីមនុស្សលោក ក្នុងនោះមានទាំងសំឡេងនានា និងផែនទីផ្កាយរបស់ផែនដីផងដែរ៕