ភាគខាងជើងប្រទេសចិនបានប្រកាសអាសន្នកម្រិតខ្ពស់បំផុត នៅពេលភ្លៀងធំបង្អោរចុះ ធ្វើឱ្យលិចលង់ទីក្រុងប៉េកាំង និងតំបន់ក្បែរខាង បណ្ដាលឱ្យរថយន្តរាប់សិបគ្រឿងត្រូវហូរទៅតាមខ្សែទឹក។
ជើងរថយន្តក្រុងរាប់រយនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ថ្ងៃនេះត្រូវបានផ្អាកដំណើរការ បន្ទាប់ពីអាជ្ញាធរបានប្រកាសអាសន្នកម្រិតខ្ពស់បំផុត គ្រាដែលមានភ្លៀងធ្លាក់ខ្លាំង ដោយសារតែព្យុះ Doksuri បន្តវាយប្រហារលើប្រទេសនេះ។
អ្នកលេងបណ្ដាញសង្គមនៅប្រទេសចិន បានចែករំលែកបន្តគ្នានូវវីដេអូបង្ហាញពីគ្រោះធម្មជាតិមួយនេះ។ ក្នុងវីដេអូ គេឃើញដងផ្លូវក្នុងទីក្រុងក្លាយជាជ្រោះ គួរឱ្យភ័យខ្លាច។
ទឹកជំនន់ក៏បានហូរចូលចំណតរថភ្លើងអគ្គិសនីក្រោមដីនៅទីក្រុងប៉េកាំង។ ក្រុមហ៊ុនផ្លូវដែកបានឱ្យបុគ្គលិកយកអាហារទៅជូនអ្នកដំណើរដែលកំពុងជាប់នៅក្នុងចំណត។
មនុស្សជាង 31,000 នាក់ត្រូវបានឈ្លៀងទៅកាន់ទីសុវត្ថិភាព ការដ្ឋានសំណង់ប្រហែល 4,000 កន្លែងត្រូវបានផ្អាក អគារជិត 20,000 រងការខូចខាត ខណៈទីតាំងសម្រាប់ទេសចរណ៍សំខាន់ៗក្នុងទីក្រុងត្រូវបានបានបិតជាបណ្ដោះអាសន្ន។ នៅទីក្រុងប៉េកាំង មានមនុស្សពីរនាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀង។
អាកាសយានដ្ឋានពីរកន្លែងនៅរដ្ឋធានីប្រទេសចិនក៏បានលុបចោលជើងហោះហើរជាង 180 ជើង និងពន្យារពេលរាប់រយជើង កាលពីព្រឹកថ្ងៃទី 31 កក្កដានេះ។ គិតមកដល់ថ្ងៃនេះ ដងផ្លូវចំនួន 358 នៅប៉េកាំងបានទទួលរងឥទ្ធិពលពីព្យុះ Doksuri។
ព្យុះ Doksuri ធ្វើដំណើរឆ្លងកាត់ភាគខាងជើងប្រទេសចិនតាំងពីថ្ងៃទី 28 កក្កដា នាំឱ្យអាជ្ញាធរប្រកាសឱ្យប្រជាជនរាប់លាននាក់ស្ថិតនៅក្នុងផ្ទះ។ ព្យុះនេះបានក្លាយជាសម្ពាធទាបទៅហើយ ប៉ុន្តែអាជ្ញាធរប៉េកាំង និងខេត្តក្បែរខាង ថ្ងៃនេះនៅតែបន្តប្រកាសអាសន្នកម្រិតក្រហម។
យោងតាមអ្នកជំនាញ នេះអាចជាទឹកជំនន់អាក្រក់ជាងខែកក្កដាឆ្នាំ 2012 ទៅទៀត នៅពេលមានមនុស្ស 79 នាក់បានស្លាប់ និងរាប់ម៉ឺននាក់នៅទូទាំងប្រទេស ត្រូវឈ្លៀសទៅរកទីសុវត្ថិភាព៕