ប្រធានាធិបតីអាម៉េរិក ប្រកាសអំពីកញ្ចប់ជំនួយយោធាតម្លៃ 345 លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ប៉ុន្តែមិនទាន់បង្ហើបឱ្យដឹងសេចក្ដីលំអិត។
នៅក្នុងប្រកាសកាលពីថ្ងៃទី 28 កក្កដា របស់សេតវិមាន ប្រធានាធិបតី ចូ បៃដិន ឱ្យដឹងថា បានផ្ដល់សិទ្ធិឱ្យរដ្ឋមន្ត្រីការបរទេសអាម៉េរិក ចាត់ចែងប្រាក់ 345 លានដុល្លារដែលបានពីក្រសួងការពារជាតិអាម៉េរិក សម្រាប់ជាកញ្ចប់ជំនួយយោធាសម្រាប់កោះតៃវ៉ាន់។
John Kirby អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខអាម៉េរិក ក្នុងថ្ងៃដដែលបាននិយាយថា ប្រទេសនេះកំពុងតែអនុវត្តកាតព្វកិច្ចជាមួយនឹងតៃវ៉ាន់ និងជួយពួកគេក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិ»។
ប្រទេសចិនមិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទងនឹងរឿងនេះ។ ប៉ុន្តែកន្លងមក អាជ្ញាធរចិនតែងតែជំទាស់ទៅនឹងការផ្គត់ផ្គង់អាវុធទៅឱ្យកោះតៃវ៉ាន់ ពីសំណាក់សហរដ្ឋអាម៉េរិក។
នេះគឺជាលើកដំបូងហើយដែលរដ្ឋាភិបាលអាម៉េរិក ដកអាវុធ សម្ភារៈយោធា និងថវិកាពីមន្ទីរបញ្ចកោណដោយផ្ទាល់ ដើម្បីផ្ដល់ឱ្យតៃវ៉ាន់ ទៅតាមសិទ្ធិចាត់ចែងធនធានរបស់ប្រធានាធិបតី (PDA)។ មុននោះ សភាអាម៉េរិកបានផ្ដល់សិទ្ធិឱ្យរដ្ឋាភិបាលប្រើប្រាស់យន្តការ PDA ដើម្បីផ្ដល់ជំនួយផ្នែកយោធាដល់តៃវ៉ាន់ ក្នុងទំហំគិតជាទឹកប្រាក់ឡើងដល់មួយពាន់លានដុល្លារអាម៉េរិក។
ចិនដីគោកតែងតែចាត់ទុកថា កោះតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួនដែលរង់ចាំតែការបង្រួបបង្រួម ហើយថា នឹងប្រើប្រាស់កម្លាំងបាយ បើសិនជាចាំបាច់។
សហរដ្ឋអាម៉េរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងតៃវ៉ាន់ ប៉ុន្តែគឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេរបស់កោះនេះ។ អាម៉េរិកកំពុងជំរុញកិច្ចការធ្វើទំនើបកម្មយោធារបស់ចិនដីកោះ (តៃវ៉ាន់) ដើម្បីរារាំងការវាយប្រហារពីចិនដីគោក៕