ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum សរសេរលើបណ្ដាញសង្គមអំពាវនាវសូមឱ្យប្រជាជនជួយការពារសមិទ្ធផលរបស់ប្រទេសជាតិ ក្រោយពីកងទ័ពប្រទេសនេះប្រកាសធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។
«បណ្ដាសមិទ្ធផលដែលយើងបានចំណាយអស់កម្លាំងជាច្រើនទើបដណ្ដើមបាននេះ នឹងត្រូវបានការពារ។ ជនជាតិនីហ្សេដែលស្រលាញ់ប្រជាធិបតេយ្យ និងសេរីភាព ប្រាកដជានឹងធ្វើដូច្នេះ» លោក Bazoum បង្ហោះសារលើបណ្ដាញសង្គម X (ឈ្មោះថ្មីរបស់ Twitter) នៅថ្ងៃនេះដូច្នេះ។
រដ្ឋមន្ត្រីការបរទេស Hassoumi Massoudou ក៏បានបង្ហោះសារអំពាវនាវសូមឱ្យប្រជាជនគ្រប់រូបដែលគាំទ្រប្រជាធិបតេយ្យ នាំគ្នាចេញធ្វើសកម្មភាពដើម្បីធ្វើឱ្យអំពើរដ្ឋប្រហារត្រូវបរាជ័យ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលជ្រើសរើសដោយប្រជាពលរដ្ឋគឺជារដ្ឋាភិបាលស្របច្បាប់។
លោករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនីហ្សេក៏បញ្ជាក់ថា ប្រធានាធិបតី និងគ្រួសារបច្ចុប្បន្ន «មានសុខភាពល្អ» និងកំពុងត្រូវបានកងទ័ពឃុំខ្លួននៅឡើយ។
មុននោះ វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យរបស់កងទ័ពប្រទេសនីហ្សេ ប្រកាសនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ថា «យើងជាកងកម្លាំងការពារជាតិ និងសន្តិសុខ បានសម្រេចចិត្តបញ្ចប់របបរបស់ប្រធានាធិបតី Mohamed Bazoum»។
លោក Amadou Abdramane បានចោទថា អាជ្ញាធរស៊ីវិលគ្រប់គ្រងបែបធូររលុង និងបានធ្វើឱ្យស្ថានការណ៍សន្តិសុខកាន់តែអាក្រក់ឡើងៗ។ កងកទ័ពនេហ្សេប្រកាសថា នឹងបិទច្រកព្រំដែន និងដាក់បម្រាមគោចរនៅទូទាំងប្រទេស រហូតដល់ពេលមានប្រកាសថ្មី។ កងកម្លាំងនេះក៏បានព្រមានថា នឹងធ្វើការប្រឆាំង បើសិនមានការអន្តរាគមន៍ពីបរទេស។
អង្គការសហប្រជាជាតិក៏បានថ្កោលទោសចំពោះការផ្លាស់ប្ដូររដ្ឋាភិបាលដោយអំពើខុសច្បាប់នៅប្រទេសនីហ្សេ។ «អគ្គលេខាធិការបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបំផ្លាញគោលការណ៍ប្រជាធិបតេយ្យនៅនីហ្សេ» អ្នកនាំពាក្យរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ឱ្យដឹងដូច្នេះ។
ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងធនាគារពិភពលោក (WB) ជាដើម ក៏បានប្រកាសថ្កោលទោសចំពោះអំពើរដ្ឋប្រហារខាងលើផងដែរ។