(ប្រទេសចិន) – មហាព្រះពុទ្ធរូប Shandan (Shandan Great Buddha) នៅមានទ្រង់ទ្រាយដើម ក្រោយពីវិហារនិងកុដិជាច្រើននៅក្នុងវត្តមួយនៅស្រុក Shandan ខេត្ត Gansu បានរងគ្រោះអគ្គិភ័យ។
អគ្គិភ័យមួយដ៏ធំបានកើតឡើងកាលពីវេលាម៉ោង 3 ថ្ងៃទី 24 កក្កដា 2023 នៅក្នុងវត្តមហាពុទ្ធរូប Shandan ជាទីដែលមានទេសភាពល្អ និងត្រូវបានចាត់ចូលជាតំបន់ទេសចរណ៍ថ្នាក់ជាតិរបស់ប្រទេសចិន ដែលស្ថិតក្នុងស្រុក Shandan ទីក្រុង Zhangye នៃខេត្ត Gansu។ អណ្ដាតភ្លើងបានចាប់ផ្ដើមឆេះចេញពីវិហារដែលសាងសង់ពីឈើ មានបណ្ដោយ 30 ម៉ែត្រ ទទឹង 27 ម៉ែត្រ និងកម្ពស់ 39 ម៉ែត្រ។
វិហារខាងលើគឺជាកន្លែងមានព្រះពុទ្ធរូបសាងសង់ពីដីឥដ្ឋដែលដុតកម្ដៅក្រោម 1,200 អង្សាសេ កាលពីឆ្នាំ 1998 ក្រោយពីព្រះពុទ្ធរូបដើមត្រូវបានបំផ្លាញកាលពីឆ្នាំ 1971។ ព្រះពុទ្ធរូបថ្មីត្រូវបានសាងសង់កាលពីឆ្នាំ 1992 ដោយចំណាយប្រាក់អស់ 17 លានយុន (ប្រហែល 2.37 លានដុល្លារអាម៉េរិក)។
អគ្គិភ័យកាលពីថ្ងៃទី 24 កក្កដា 2023 បានបំផ្លាញរាល់រចនាសម្ព័ន្ធរបស់វិហារនេះ ប៉ុន្តែព្រះពុទ្ធរូបនៅតែរក្សាបានទ្រង់ទ្រាយដើម។ អគ្គិភ័យត្រូវបានពន្លត់រួចរាល់កាលពីម៉ោង 10 ថ្ងៃទី 24 កក្កដា។ អាជ្ញាធរឱ្យដឹងថា ហេតុការណ៍នេះមិនបានធ្វើឱ្យមានអ្នកស្លាប់ និងរងរបួសនោះទេ ហើយមូលហេតុនៃគ្រោះអគ្គិភ័យនេះកំពុងត្រូវបានស៊ើបអង្កេត៕