សកម្មភាពបាញ់រ៉ុក្កែតទៅលើអាកាសដើម្បីហៅភ្លៀង គឺជាការងារស្មុគស្មាញ និងទាមទារឱ្យមានស្ដង់ដាប្រកបដោយភាពស៊ីចង្វាក់គ្នា រវាងស្ថាប័នដែលពាក់ព័ន្ធ។
វេលាម៉ោង 22 និង 23 នាទី ថ្ងៃទី 18 មីនា 2023 នៅមូលដ្ឋានគ្រប់គ្រងដំណើរការបង្កើនទឹកភ្លៀងសិប្បនិម្មិត ក្នុងស្រុក Fushun ខេត្ត Sichuan ប្រទេសចិន រ៉ុក្កែតហៅភ្លៀងសិប្បនិម្មិតចំនួនពីរគ្រាប់ត្រូវបានបាញ់ឡើងទៅកាន់អាកាស និងបានផ្ទុះ បង្កើតជាសំឡេងយ៉ាងកក្រើកមេឃ ហើយការបាញ់លើកទីមួយនេះក៏បានសម្រេចជាស្ថាពរ។
បួននាទីក្រោយការបាញ់រ៉ុក្កែត ទឹកភ្លៀងក៏ចាប់ផ្ដើមធ្លាក់នៅតំបន់ Fushun។ មកដល់ម៉ោង 23 និង 48 នាទី រ៉ុក្កែតហៅភ្លៀងពីរគ្រាប់ទៀតក៏ត្រូវបានបាញ់ឡើងទៅកាន់អាកាស ធ្វើឱ្យទឹកភ្លៀងបង្អោរចុះមកជាបន្តបន្ទាប់។
យោងតាមប្រព័ន្ធផ្សព្វផ្កាយនៅខេត្ត Sichuan សកម្មភាពបាញ់បង្ហោះរ៉ុក្កែតហៅភ្លៀង គឺជាការងារស្មុគស្មាញ និងទាមទារឱ្យមានស្ដង់ដាប្រកបដោយភាពស៊ីចង្វាក់គ្នា រវាងស្ថាប័នដែលពាក់ព័ន្ធ។
បច្ចេកទេស «ហៅភ្លៀង»
មន្ត្រីជំនាញនៅមជ្ឈមណ្ឌលសេវាកម្មកាត់បន្ថយគ្រោះធម្មជាតិនៃស្រុក Fushun និយាយថា ដើម្បីសម្រេចបានកិច្ចការបង្កើនទឹកភ្លៀងសិប្បនិម្មិត គេត្រូវបំពេញលក្ខខណ្ឌជាច្រើន មានដូចជា ការវិភាគនិន្នាការអាកាសធាតុ ការប្រឹក្សាយោបល់រួម ការត្រៀម ការកែតម្រូវឧបករណ៍ដំណើរការ ការតាមដានដោយផ្ទាល់ និងការស្នើសូមប្រើប្រាស់ដែនអាកាសជាដើម។
សកម្មភាពបង្កើនទឹកភ្លៀងសិប្បនិម្មិតមិនមែនមានន័យថា ចង់ហៅភ្លៀងពេលណាក៏បាន។ ដើម្បីអាចធ្វើឱ្យទឹកភ្លៀងធ្លាក់ គេត្រូវបំពេញលក្ខខណ្ឌសំខាន់ៗចំនួនបី៖ កម្រាស់របស់ពពកដែលផ្ទុកទឹកភ្លៀងត្រូវតែធំជាង 2 គីឡូម៉ែត្រ, ពពកនោះត្រូវតែមានចំហាយទឹកគ្រប់គ្រាន់ និងត្រូវតែមានតំបន់ភាយចំហាយទឹក។
តំបន់ដែលត្រូវការទឹកភ្លៀងត្រូវតែជាទីដែលអនុញ្ញាតឱ្យរ៉ុក្កែតហោះឡើងដល់កម្ពស់ពី 4 ពាន់ ទៅ 8 ពាន់ម៉ែត្រ ដែលនេះក៏ត្រូវការកិច្ចសហការឱ្យបានម៉ត់ចត់ជាមួយនឹងស្ថាប័នគ្រប់គ្រងដែនអាកាស ដើម្បីធានាសុវត្ថិភាព។
ពេលវេលាដែលអាចឱ្យគេដំណើរការបាញ់រ៉ុក្កែតហៅភ្លៀង គឺជារឿងស្មុគស្មាញមួយផ្សេងទៀត។ ព្រោះថា គេត្រូវការជ្រើសរើសពេលវេលា និងការរង់ចាំ មុននឹងអាចបាញ់រ៉ុក្កែតហៅភ្លៀង បន្ទាប់ពីបានត្រៀមផែនការរួចរាល់។
បច្ចេកទេសហៅទឹកភ្លៀងសិប្បនិម្មិត កាត់បន្ថយការខាតបង់ប្រាក់បានជិត 2 ពាន់ដុល្លារអាម៉េរិក
ជាក់ស្ដែង សកម្មភាពកែសម្រួលអាកាសធាតុបែបសិប្បនិម្មិត មិនត្រឹមតែដើម្បីបង្កើនទឹកភ្លៀងនោះទេ តែនៅអាចទប់ស្កាត់បាតុភូតភ្លៀងទឹកកក ចុះអ័ព្ទ និងបាតុភូតត្រជាក់ដល់កកផងដែរ។
ក្រោយការអភិវឌ្ឍជាង 60 ឆ្នាំ បច្ចេកទេសកែប្រែអាកាសធាតុ និងបង្កើនទឹកភ្លៀងរបស់ប្រទេសចិន បានរីកចម្រើនយ៉ាងខ្លាំង បង្កើតជាប្រព័ន្ធមួយដែលមានបួនថ្នាក់ រួមមាន ថ្នាក់ស្រុក ថ្នាក់ក្រុង ថ្នាក់ខេត្ត និងថ្នាក់ជាតិ។
កាលពីឆ្នាំ 2022 ស្ទើរតែទាំងអស់នៃតំបន់ភាគខាងត្បូងប្រទេសចិន បានឆ្លងកាត់រលកកម្ដៅ និងគ្រោះរាំងស្ងួតជាច្រើនលើក ចាប់ពីខែមិថុនា ដល់ពាក់កណ្ដាលខែវិច្ឆិកា នាំឱ្យអាជ្ញាធរតំបន់ជាច្រើនត្រូវប្រើប្រាស់បច្ចេកទេសហៅទឹកភ្លៀង។ ក្នុងអំឡុងពេលនោះ ពួកគេបានធ្វើការហៅទឹកភ្លៀងសរុបជាង 15,000 លើក ក្នុងនោះ ការប្រើប្រាស់យន្តហោះមានចំនួន 241 លើក និងការបាញ់រ៉ុក្កែតចំនួន 15,000 លើក ហើយទាញយកទឹកភ្លៀងបានប្រហែល 8.56 ពាន់លានតោន។
យោងតាមស្ថាប័នឧតុនិយមចិន ពេញមួយឆ្នាំ 2022 ប្រទេសចិនបង្កើតទឹកភ្លៀងបានប្រហែល 39.8 ពាន់លានតោន ជួយការពារផ្ទៃដីបានប្រហែល 650,000 គីឡូម៉ែត្រការ៉េ និងកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ចបានប្រហែល 14.1 ពាន់លានយុន (ប្រហែល 1,972,900,000 ដុល្លារអាម៉េរិក)៕