«ផែនដីខ្នាតយក្ស» នេះ ស្ថិតក្នុងចំណោមភពដែលអាចទ្រទ្រង់ជីវិត និងត្រូវបានសង្កេតមើលជាលើកដំបូងដោយតេឡេស្កុបអវកាស Kepler របស់ណាសា កាលពីឆ្នាំ 2009។
ដើមឡើយ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា មិនមានភាវៈរស់ណាមួយនៅក្នុងភពដទៃក្រៅពីផែនដី។ ប៉ុន្តែ បន្ទាប់ពីផលិតបានឧបករណ៍ទំនើបៗ មនុស្សចាប់ផ្ដើមយល់ថា វត្តមានរបស់មនុស្សភពដទៃប្រាកដជាមាន ហើយអាចមានច្រើនលើសពីការនឹកគិតទៅទៀត។
គិតមកដល់បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានរកឃើញ «ផែនដីខ្នាតយក្ស» ជាង 4,000 នៅក្នុងចក្រវាលដែលមនុស្សអាចសង្កេតឃើញ។ «ផែនដីខ្នាតយក្ស» ចង់សំដៅលើបណ្ដាភពដែលមានបរិស្ថានស្រដៀងនឹងផែនដី របស់មនុស្ស ប៉ុន្តែមានទំហំធំជាង។
«ផែនដីខ្នាតយក្ស» Kepler-22b
Kepler-22b គឺជាមួយក្នុងចំណោម «ផែនដីខ្នាតយក្ស» ដែលមនុស្សបានរកឃើញ។ Kepler-22b ត្រូវបានសង្កេតមើលជាលើកដំបូងកាលពីឆ្នាំ 2009 ដោយតេឡេស្កុបអវកាស Kepler របស់ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា)។ អ្នកវិទ្យាសាស្ត្រដែលបានរកឃើញ Kepler-22b មានឈ្មោះថា William Burrucci។
Kepler-22b ស្ថិតក្នុងកញ្ចុំផ្កាយ Cygnus ដែលមានចម្ងាយពីផែនដីប្រមាណ 638 ឆ្នាំពន្លឺ និងមានអង្កត់ផ្ចិតធំជាងផែនដី 2.4 ដង ហើយមួយឆ្នាំរបស់វាស្មើនឹង 290 ថ្ងៃនៅលើផែនដី។
Kepler-22b វិលជុំវិញផ្កាយមេដែលមានឈ្មោះថា Kepler-22។ Kepler-22 តូចជាងព្រះអាទិត្យរបស់មនុស្សបន្តិច ប៉ុន្តែមានកម្ដៅប្រហាក់ប្រហែលនឹងព្រះអាទិត្យ។ ភព Kepler-22b ត្រូវបានគណនាឃើញថា មានអាយុប្រហែល 4 ពាន់លានឆ្នាំ។
ក្រុមអ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញថា ភព Kepler-22b ស្ថិតនៅចម្ងាយពីផ្កាយមេប្រហែលនឹង 85% នៃចម្ងាយពីផែនដីរបស់មនុស្ស ទៅព្រះអាទិត្យ។ នេះមានន័យថា សីតុណ្ហភាពនៅលើភព Kepler-22b អាចស្មើនឹង 22 អង្សាសេ ប្រហាក់ប្រហែលនឹងផែនដី ដែលអនុញ្ញាតឱ្យមានវត្តមានទឹករាវហូរនៅលើផ្ទៃ។ Kepler-22b អាចជា «ផ្ទះទីពីរ» ដ៏សមស្របសម្រាប់មនុស្សជាតិ។ ព្រោះថា ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា Kepler-22b មានបរិយាកាសក្រាស់។
ធ្វើយ៉ាងណាដើម្បីអាចទៅដល់ Kepler-22b?
បើសិនគិតទៅតាមល្បឿនរបស់មីស៊ីលទំនើបនាបច្ចុប្បន្នរបស់មនុស្ស (10 គីឡូម៉ែត្រ/វិនាទី) យើងនឹងត្រូវចំណាយពេលហោះហើរជាង 18 លានឆ្នាំ ទើបទៅដល់ភព Kepler-22b ហើយនេះគឺជារយៈពេលដ៏សែនយូរសម្រាប់ជីវិតមនុស្ស។
យានអវកាសដែលមានល្បឿនលឿនបំផុតនាបច្ចុប្បន្នគឺយានព្រះអាទិត្យ Parker របស់ណាសា ព្រោះថា នៅពេលទៅកាន់តែជិតព្រះអាទិត្យ ល្បឿនរបស់វាអាចកើនដល់ 692,000 គីឡូម៉ែត្រ/ម៉ោង ប្រហែលនឹង 192 គីឡូម៉ែត្រ/វិនាទី។ ក្នុងល្បឿននេះ វានឹងចំណាយពេលប្រហែលមួយលានឆ្នាំ ទើបទៅដល់ភព Kepler-22b។
នៅពេលប្រើប្រាស់បច្ចេកវិទ្យា និងយានបច្ចុប្បន្ន មនុស្សនឹងមិនអាចធ្វើដំណើរទៅដល់ភព Kepler-22b ឡើយ។ ដូច្នេះ មនុស្សត្រូវការបច្ចេកវិទ្យា និងយានអវកាសទំនើបជាងនេះរាប់លានដង ទើបអាចមានឱកាសទៅជាន់ដីរបស់ភព Kepler-22b នាពេលអនាគត៕