បាល់ទាត់គឺជាកីឡាដែលទទួលបានការនិយមចូលចិត្តបំផុតនៅលើពិភពលោក ដូច្នេះតើវាអាចត្រូវបានរៀបចំការប្រកួតនៅលើភព ឬទីឋានដទៃក្រៅពីផែនដី ឬអត់?
នេះគឺជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រកំពុងគិតដល់។ ពួកគេជឿថា បាល់ទាត់អាចលេងនៅលើឋានព្រះចន្ទយ៉ាងឆាប់នៅឆ្នាំ 2035។
ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកទេស និងបច្ចេកវិទ្យា (IET) ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស បានរៀបគម្រោងពិសេសមួយស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នៅលើឋានព្រះចន្ទ។ ពួកគេថា ការប្រកួតនេះនឹងមានថេរវេលា 90 នាទី ប៉ុន្តែមិនប្រើប្រាស់ឈុតសម្លៀកបំពាក់ធម្មតាដូចនៅលើផែនដី។
ការប្រកួតនៅខាងក្រៅភពផែនដីនឹងត្រូវបានចែកចេញជាបួនតង់ ហើយក្នុងមួយតង់មាន 10 នាទី និងសម្រាក 20 នាទីនៅចន្លោះតង់នីមួយៗ។ ក្រុមបាល់ទាត់នីមួយៗនឹងមានកីឡាករ 5 នាក់។
សម្លៀកបំពាក់កីឡាដូចនៅលើផែនដីនឹងត្រូវបានជំនួសដោយឈុតអ្នកអវកាស ដែលបំពាក់មុខងារទំនើបៗជាច្រើន ក្នុងនោះមានទាំងឧបករណ៍បញ្ចុះកម្ដៅផងដែរ។
ចំណែកអាជ្ញាកណ្ដាលវិញ នឹងមានលក្ខណៈស្រដៀងទៅនឹងបច្ចេកវិទ្យា VAR។ ព្រោះថា ពួកគេនឹងបង្ហាញខ្លួនលើទីលានប្រកួតក្នុងទម្រង់ជារូបភាព 3D។
យោងតាម IET ការប្រកួតបាល់ទាត់លើឋានព្រះចន្ទនឹងធ្វើឡើងនៅពេលថ្ងៃត្រង់ ដើម្បីងាយស្រួលមើល គ្រាដែលទំហំរបស់ទីលានក៏នឹងត្រូវបានបន្ថយមកនៅត្រឹម 1/8 នៃទីលាននៅលើផែនដី។
ខ្សែបន្ទាត់ជុំវិញទីលានអាចត្រូវបានគូសសញ្ញាដោយធាតុ polymer ពណ៌ខ្មៅ-ស។ ទីលានបាល់ទាត់ក៏នឹងត្រូវការបាំងដោយសំណាញ់ និងប្រក់ដំបូល ដើម្បីជៀសវាងបាល់ខ្ទាត់ចេញទៅបាត់។ រីឯគ្រាប់បាល់វិញ នឹងត្រូវមានទំហំធំជាងជិតទ្វេដង ធៀបនឹងបាល់ធម្មតា ដើម្បីងាយស្រួលមើល។
ដើម្បីគាំទ្រដល់គម្រោងខាងលើ IET កំពុងតែអំពាវនាវសូមឱ្យក្មេងនៅប្រទេសអង់គ្លេសដែលមានអាយុពី 4 ទៅ 13 ឆ្នាំ ចូលរួមការរចនាឈុតសម្លៀកបំពាក់ផ្លូវការដំបូងគេសម្រាប់ព្រឹត្តិការណ៍បាល់ទាត់នៅលើឋានព្រះចន្ទ៕