បណ្ដារង្វង់មូលពណ៌បៃតងដែលត្រូវបានបង្កើតឡើងដោយការស្រោចស្រព អនុញ្ញាតឱ្យកសិករដាំរុក្ខជាតិដែលមានតម្លៃខ្ពស់នៅលើសមុទ្រខ្សាច់ទំហំមួយលានហិកតា។
សមុទ្រខ្សាច់ Ulan Buh ដែលមានផ្ទៃក្រឡាមួយលានហិកតា គឺជាសមុទ្រខ្សាច់ធំជាងគេលំដាប់ទី 8 នៅប្រទេសចិន។ Ulan Buh ធ្លាប់ល្បីឈ្មោះថាជាប្រភពនៃព្យុះខ្សាច់ប្រចាំឆ្នាំដែលតែងតែវាយលុកភាគខាងជើងប្រទេសចិន។
បច្ចុប្បន្ន វិធានការជាច្រើនត្រូវបានអនុញ្ញាតដើម្បីទប់ទល់នឹងបញ្ហាខាងលើ ក្នុងនោះមានដូចជា ការរារាំងខ្យល់ និងការកែលំអបរិស្ថានធម្មជាតិជាដើម ហើយបណ្ដារង្វង់មូលពណ៌បៃតងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើ ក៏ដូចជាសកម្មភាពស្រោចស្រពដំណាំរបស់ពលរដ្ឋក្នុងតំបន់។ ចំពោះការដាំដុះ ការស្រោចស្រពតាមបែបបាញ់ទឹកជារង្វង់មូលនេះគឺជាវិធីដែលមានប្រសិទ្ធភាពនៅក្នុងការរក្សាទឹក។
ដោយការប្រឹងប្រែងដើម្បីកែលំអលក្ខខណ្ឌធម្មជាតិ ដីជាង 30,000 ហិកតានៅតំបន់សមុទ្រខ្សាច់ Ulan Buh នេះ ត្រូវបានប្រើប្រាស់ដើម្បីដាំរុក្ខជាតិដែលមានគុណភាពខ្ពស់ ដែលភាគច្រើនគឺជាស្រូវសាលី, ស្មៅ leymus chineensis និងស្មៅ alfalfa ជាដើម។ បរិមាណនៃដំណាំខាងលើ រកប្រាក់ចំណូលប្រចាំឆ្នាំបានលើសពី 97.7 លានដុល្លារអាម៉េរិក។
បច្ចុប្បន្ន បណ្ដាញឧស្សាហកម្មមួយដែលរួមមានទាំងការដាំដុះ ការបណ្ដុះពូជ ការទិញ និងលក់ផលិតផលកសិកម្មនៅតំបន់ខាងលើត្រូវបានបង្កើតឡើងដើម្បីសម្រេចបានគោលដៅរួមចំណែកក្នុងការគ្រប់គ្រងសមុទ្រខ្សាច់ និងកសិកម្ម។
បណ្ដារង្វង់មូលពណ៌បៃតងខាងលើ មានទីតាំងស្ថិតនៅក្នុងស្រុក Dengkou របស់ទីក្រុង Bayannur ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង នៅភាគខាងជើងប្រទេសចិន៕