រដ្ឋាភិបាលម៉ិកស៊ិកប្រកាសថា ការបង្កើតភ្លៀងសិប្បនិម្មិតទទួលបានជោគជ័យ 98% ស្របពេលដែលអាកាសធាតុក្ដៅខ្លាំង បង្កឱ្យមានគ្រោះរាំងស្ងួតទ្រង់ទ្រាយធំ។
រដ្ឋាភិបាលម៉ិកស៊ិក អនុវត្តដំណាក់កាលថ្មីបំផុតរបស់គម្រោងបង្កើតភ្លៀងសិប្បនិម្មិត ដោយសង្ឃឹមថា អាចកែលំអបរិមាណទឹកភ្លៀងនៅក្នុងរដូវក្ដៅដែលមានសីតុណ្ហភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ និងគ្រោះរាំងស្ងួតដែលបានអូសបន្លាយអស់ជាច្រើនខែ។ នេះបើតាម Guardian ចុះផ្សាយកាលពីថ្ងៃទី 23 កក្កដា 2023។
គម្រោងខាងលើដែលបានចាប់ផ្ដើមក្នុងខែកក្កដា រួមមាន ការពង្រាយយន្តហោះទៅកាន់បណ្ដាពពកដើម្បីបាចគ្រាប់អ៊ីយ៉ូដប្រាក់ (Silver Iodide) ជួយបន្ថែមទំហំតំណក់ទឹកក្នុងពពក និងបង្កើនបរិមាណទឹកភ្លៀង។
យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មម៉ុកស៊ិក ការបង្កើតភ្លៀងសិប្បនិម្មិតនេះគឺដើម្បីទប់ទល់នឹងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនៅតំបន់ជនបទ។ សកម្មភាពនេះត្រូវបានធ្វើឡើងយ៉ាងតិចមួយឆ្នាំម្ដង រាប់ចាប់ពីឆ្នាំ 2020។ រដ្ឋាភិបាលប្រទេសនេះក៏បានប្រកាសថា ទទួលបានជោគជ័យ 98% នៅក្នុងការបង្កើតភ្លៀងសិប្បនិម្មិត។