តេឡេស្កុបអវកាសទំនើបបំផុតលើពិភពលោកបានរកឃើញឃ្លាំងពេជ្រមួយ នេះបើនិយាយទៅតាមទាំងន័យត្រង់ និងន័យធៀប។
យោងតាមទំព័រ Space តេឡេស្កុប James Webb របស់ណាសា បានរកឃើញធូលីកាបូនដូចពេជ្រនៅក្នុងបណ្ដាកាឡាក់ស៊ីដែលទំនងជាបានកកើតឡើងតែប៉ុន្មានរយឆ្នាំប៉ុណ្ណោះបន្ទាប់ពី Big Bang ដែលជាហេតុការណ៍ចាប់កំណើតរបស់ចក្រវាល។
ការរកឃើញនេះអាចជះឥទ្ធិពលដល់ទ្រឹស្ដីដែលទាក់ទងនឹងការវិវត្តរបស់គីមីនៅក្នុងចក្រវាល។ កន្លងមក អ្នកវិទ្យាសាស្ត្រជឿថា ដំណើរការនៃការកកើត និងបែងចែកធាតុរឹងដូចជាកាបូនជាដើម ស៊ីពេលវេលាច្រើន មិនអាចមាននៅក្នុងបណ្ដាកាឡាក់ស៊ីវ័យក្មេង។
ការរកឃើញថ្មីនេះបានចាប់ផ្ដើមពីការពិនិត្យមើលឆ្លងកាត់ពេលវេលា និងលំហអវកាសនៃកាឡាក់ស៊ីបុរាណចំនួន 10។ អំពីទ្រឹស្ដី រូបភាពដែលមនុស្សមើលឃើញវត្ថុអវកាសមួយ គឺមានអត្រាយឺតដូចទៅនឹងពេលវេលាដែលពន្លឺពីវត្ថុអវកាសនោះធ្វើដំណើរដល់ភ្នែករបស់មនុស្ស។
ដោយការមើលទៅទីតាំងដែលមានចម្ងាយរាប់ពាន់លានឆ្នាំពន្លឺ James Webb បាននាំមកនូវរូបភាពកាលពី 12.8 ពាន់លានឆ្នាំមុន ជាពេលដែលកាឡាក់ស៊ីទាំងនេះនៅក្មេង និងស្ថិតក្នុងចក្រវាលក្មេងខ្ចី។ ធូលីកាបូនដែលអ្នកវិទ្យាសាស្ត្របានមើលឃើញ បានរីកចម្រើនទៅជាម៉ូលេគុលអ៊ីដ្រូកាបូនក្រអូប (PAH) ដែលជាប្រការមិនអាចជឿបានថា មាននៅក្នុងអំឡុងពេលជិត 13 ពាន់លានឆ្នាំមុន។
ការសិក្សាស្រាវជ្រាវកន្លងមកបានបញ្ជាក់ថា ចក្រវាលក្រោយពី Big Bang ភ្លាមៗ នៅមានភាព «ឯកា» ខ្លាំងណាស់ ដោយវាភាគច្រើនមានតែអ៊ីដ្រូសែន និងអេល្យូម។
យោងតាមទ្រឹស្ដីនានាដែលត្រូវបានទទួលស្គាល់ទូលំទូលាយ បណ្ដាធាតុដែលរឹងជាងអ៊ីដ្រូសែន និងអេល្យូម សុទ្ធតែកកើតឡើងក្នុងដំណាក់កាលក្រោយៗមកទៀត បន្ទាប់ពីការកកើតផ្កាយរាប់លានជំនាន់។ ស្នូលរបស់ផ្កាយនានាគឺជា «ឡ» ប្រតិកម្ម បង្កើតធាតុធ្ងន់ៗជាងមុន នៅពេលពួកវាផ្ទុះស្លាប់។
កាបូនក៏ជា «ឆ្អឹងខ្នងរបស់ភាវៈរស់»។ វាអាចកកើតនៅក្នុងកាឡាក់ស៊ីចាស់ៗទាំង 10 ដែលអ្នកវិទ្យាសាស្ត្រទើបតែរកឃើញ។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cambridge (អង់គ្លេស) ដែលបាននិយាយខាងលើ។
ប្រការនេះអាចឱ្យយើងចាប់ផ្ដើមងាកទៅជឿថា ភាវៈរស់ក្នុងយុគសម័យដំបូងៗទំនងជាបានចាប់ផ្ដើមត្រូវបាន «ភ្ញាស់» ក្នុងចក្រវាលតាំងពីយូរឡុង ជាងអ្វីដែលមនុស្សបានគិត។ ចំណែកជីវិតនៅលើផែនដីក៏ប្រហែលជាស្ថិតក្នុងដំណាក់កាលវ័យក្មេងនៅឡើយ បើធៀបនឹងជីវិតនៅតាមបណ្ដាភពក្នុងប្រព័ន្ធផ្កាយនានារបស់កាឡាក់ស៊ីបុរាណៗ៕