ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ 2023 NT1 ដែលជាអាចម៍ផ្កាយមានបណ្ដោយប្រហែល 60 ម៉ែត្រ កាលពីថ្ងៃទី 15 កក្កដា 2023 ពីរថ្ងៃបន្ទាប់ពីវាបានហោះកាត់ពីមុខផែនដី ដែលនេះត្រូវបានចាត់ទុកថា បាន «រំលងភ្នែក» របស់អ្នកវិទ្យាសាស្ត្រ។
យោងតាមណាសា អាចម៍ផ្កាយ 2023 NT1 កាលពីថ្ងៃទី 13 កក្កដា ស្ថិតក្នុងចម្ងាយពីផែនដីប្រហែល ¼ នៃចម្ងាយពីព្រះចន្ទមកកាន់ផែនដី។ នេះមានន័យថា វាស្ថិតនៅយ៉ាងជិត នៅពេលគេនិយាយដល់ទីអវកាសដ៏ធំធេង។ 2023 NT1 ធ្វើដំណើរក្នុងល្បឿន 86,000 គីឡូម៉ែត្រ/ម៉ោង។
ក៏ប៉ុន្តែ ដោយសារតែ 2023 NT1 ហោះសំដៅមកពីទិសរបស់ព្រះអាទិត្យ ដូច្នេះពន្លឺរបស់ផ្កាយនេះក៏ធ្វើឱ្យកែវយឺតអវកាសមិនអាចមើលឃើញបានឆាប់រហ័សដូចធម្មតា។
មកដល់ថ្ងៃទី 15 កក្កដា តេឡេស្កុបនៅអាហ្វ្រិកខាងត្បូងរបស់ប្រព័ន្ធតេឡេស្កុប ATLAS ដែលមានតួនាទីស្វែងរកអាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដីមុនពេលកើតហេតុការណ៍ច្រើនថ្ងៃ ក៏បានរកឃើញថា 2023 NT1 កំពុងគោចរចាកចេញទៅឆ្ងាយពីផែនដី។ តេឡេស្កុបជាង 10 ផ្សេងទៀត ក្រោយមកក៏បានមើលឃើញអាចម៍ផ្កាយនេះ។
បើទោះជាបង្កការភ្ញាក់ផ្អើល ប៉ុន្តែ 2023 NT1 មានទំហំមិនគ្រប់គ្រាន់ដើម្បីត្រូវបានចាត់ទុកជាវត្ថុអវកាសដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី។ យោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ ផែនដីរបស់មនុស្សនៅតែមានសុវត្ថិភាពក្នុងរង្វង់ 1,000 ឆ្នាំទៀត នៅចំពោះមុខបណ្ដាអាចម៍ផ្កាយធំៗ។ ក៏ប៉ុន្តែ ក្រុមតារាវិទូនៅតែតាមដានវត្ថុអវកាសជាង 31,000 ដុំ ដែលកំពុងហោះហើរក្បែរផែនដី៕