(ប៉ូឡូញ) – យន្តហោះ Cessna 208 មួយគ្រឿង បានជ្រុលចង្កូតទៅបុកនឹងរោងដាក់យន្តហោះនៅក្បែររដ្ឋធានីវ៉ាសូវី បណ្ដាលឱ្យមនុស្សចំនួន 5 នាក់បាត់បង់ជីវិត និង 8 នាក់ផ្សេងទៀតរងរបួស។
គ្រោះថ្នាក់នេះកើតឡើងកាលពីថ្ងៃទី 17 កក្កដា នៅឯព្រលានយន្តហោះក្បែរភូមិ Chrcynno ដែលមានចម្ងាយពីរដ្ឋធានីវ៉ាសូវីប្រហែល 45 គីឡូម៉ែត្រទៅទិសពាយព្យ នៅពេលយន្តហោះ Cessna 208 ជ្រុលទៅបុកឃ្លាំងដាក់យន្តហោះ ជាទីដែលមានមនុស្សចំនួន 13 នាក់កំពុងជ្រកព្យុះភ្លៀង។
យោងតាមក្រុមមន្ត្រីប៉ូឡូញ ជនរងគ្រោះ 5 នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ខាងលើ រួមមាន អ្នកបើកបរយន្តហោះ Cessna 208 ម្នាក់ និង 4 នាក់ទៀតដែលកំពុងជ្រកភ្លៀង។ ក្នុងចំណោមមនុស្ស 8 នាក់រងរបួស ក៏មានក្មេងម្នាក់ផងដែរ។
សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់ ខណៈក្រុមពន្លត់អគ្គិភ័យ និងក្រុមជំនួយកំពុងបន្តស្វែងរកជនរងគ្រោះ។
Cessna 208 Caravan គឺជាស៊េរីយន្តហោះពហុមុខងារ ដែលផលិតឡើងដោយក្រុមហ៊ុន Cessna របស់សហរដ្ឋអាម៉េរិក។ Cessna 208 Caravan ចំនួនប្រហែល 3,000 គ្រឿងត្រូវបានផលិត និងតែងតែត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់ ការដឹកអ្នកដំណើរ និងចូលរួមធ្វើសកម្មភាពមនុស្សធ៌។ យន្តហោះនេះអាចមានពីឡុតម្នាក់ ឬពីរនាក់ និងអាចដឹកមនុស្សបានពី 9 ទៅ 13 នាក់។ Cessna 208 Caravan អាចហោះហើរក្នុងល្បឿនអតិបរមា 344 គីឡូម៉ែត្រ/ម៉ោង ហើយអាចហោះបានចម្ងាយ 1,980 គីឡូម៉ែត្រ៕