អត្រានៃការដំឡើងផ្ទាំងសូឡាលើដំបូលផ្ទះនៅប្រទេសអូស្ត្រាលី ជិតឈានដល់កម្រិតកំពូលបំផុត នៅពេលគ្រួសារនានាស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាតម្លៃថាមពល។
អូស្ត្រាលីបច្ចុប្បន្នមានអត្រាប្រើប្រាស់ផ្ទាំងសូឡាខ្ពស់ជាងគេលើពិភពលោក ដោយគ្រួសារជិត 1/3 នៅទូទាំងប្រទេសនេះ ប្រើប្រាស់ថាមពលព្រះអាទិត្យ។ សូម្បីតែនៅក្នុងរដូវរងា អគ្គិសនីជាង 25% ដែលប្រើប្រាស់នៅក្នុងបណ្ដារដ្ឋភាគខាងកើត ក៏បានមកពីផ្ទាំងសូឡា។
យោងតាមស្ថិតិរបស់ Green Energy Market (GEM) គ្រួសារ និងក្រុមហ៊ុននានានៅអូស្ត្រាលី បានបន្ថែមផ្ទាំងសូឡាដែលផ្ទាល់ថាមពលអគ្គិសនី 1.46 ជីហ្គាវ៉ាត់នៅក្នុងពាក់កណ្ដាលដើមឆ្នាំនេះ ខ្ពស់ជាង 20% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង។ គិតតែក្នុងខែមិថុនា 2023 អគ្គិសនីជិត 250 ម៉េហ្គាវ៉ាត់ ត្រូវបានបន្ថែមពីផ្ទាំងសូឡានៅលើដំបូលផ្ទះ ខ្ពស់ជាង 13.2% បើធៀបនឹងខែមិថុនាឆ្នាំ 2022។
មន្ត្រីនៅ GEM ឱ្យដឹងថា តម្លៃអគ្គិសនីកើនឡើងក្នុងឆ្នាំកន្លង បានជំរុញឱ្យប្រជាជននាំគ្នាសម្រុកទៅទិញផ្ទាំងសូឡា។ ការកើនឡើងនេះអាចជួយឱ្យវិស័យថាមពលបំបែកកំណត់ត្រាស្ដីពីការបន្ថែមអគ្គិសនី 3.2 ជីហ្គាវ៉ាត់ទៅក្នុងបណ្ដាញអគ្គិសនីរបស់អូស្ត្រាលី កាលពីឆ្នាំ 2021៕