អាជ្ញាធរចិនប្រហារជីវិត Wang Yun ជាគ្រូបង្រៀនថ្នាក់មតេ្តយ្យដែលបានដាក់ថ្នាំបំពុលសិស្សចំនួន 25 នាក់កាលពីឆ្នាំ 2019 បណ្ដាលឱ្យកុមារម្នាក់បាត់បង់ជីវិត។
Wang Yun អាយុ 40 ត្រូវបានកាត់ទោសពីបទបំពុលសិស្សរបស់ខ្លួនដោយការដាក់សូដ្យូមនីត្រាតទៅក្នុងអាហាររបស់សិស្ស។ ដំបូងឡើយ Wang Yun ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 9 ខែ ពីបទមានចេតនាបង្កឱ្យខូចសុខភាពរបស់សិស្ស។ ក៏ប៉ុន្តែ ក្រោយមក កាលពីខែកញ្ញាឆ្នាំ 2020 សាលក្រមតុលាការក៏បានកែប្រែ នាំឱ្យអ្នកគ្រូរូបនេះត្រូវទទួលទោសប្រហារជីវិត។
យោងតាមសេចក្ដីប្រកាសកាលពីថ្ងៃទី 14 កក្កដា 2023 Wang Yun ត្រូវបានប្រហារជីវិតកាលពីថ្ងៃទី 13 កក្កដា 2023 នៅក្នុងទីក្រុង Jiaozuo នៃខេត្ត Henan។ សមត្ថកិច្ចចិនមិនបានបង្ហើបឱ្យដឹងអំពីរបៀបនៃការប្រហារជីវិតនោះទេ នៅក្នុងករណីនេះ។
Wang Yun បានដាក់សូដ្យូមនីត្រាតទៅក្នុងបបរសម្រាប់សិស្សកាលពីថ្ងៃទី 27 មីនា 2019 នៅឯសាលាមត្តេយ្យដែលខ្លួនកំពុងបង្រៀន បន្ទាប់ពីបានប្រកែកគ្នាជាមួយនឹងមិត្តរួមការងារអំពីវិធីគ្រប់គ្រងសិស្ស។ យោងតាមទំព័រ Poison Control ការហូបចាំសូដ្យូមនីត្រាតអាចនាំឱ្យមានបញ្ហាខ្វះអុកស៊ីសែន ថប់ដង្ហើម កន្ត្រាក់ដៃជើង ចង្វាក់បេះដូងមិនប្រក្រតី បាត់បង់ស្មារតី និងអាចបាត់បង់ជីវិត។
ទង្វើរបស់ Wang Yun បាននាំឱ្យសិស្ស 25 នាក់ពុលអាហារ ប៉ុន្តែស្ទើរតែទាំងអស់បានជាសះស្បើយក្រោយការព្យាបាល។ ក៏ប៉ុន្តែ ក្នុងចំណោមនោះមានសិស្សម្នាក់បានស្លាប់ក្នុងឆ្នាំ 2020 បន្ទាប់ពីការព្យាបាលជំងឺខ្សោយគ្រឿងក្នុងដោយសារតែថ្នាំពុលអស់មួយរយៈពេល។
ករណីបំពុលសិស្សខាងលើនេះមិនមែនជាលើកដំបូងឡើយដែល Wang Yun ប្រើប្រាស់សូដ្យូមនីត្រាត។ កន្លងមក ជនដៃដល់នេះក៏ធ្លាប់ដាក់សារធាតុនេះដើម្បីបំពុលប្ដីខ្លួនឯង បណ្ដាលឱ្យមានអាការពុលកម្រិតស្រាលផងដែរ៕
សិស្ស 25 នាក់របស់ Wang Yun បានក្អួតចង្អោរ និងសន្លប់ក្នុងថ្នាក់រៀន បន្ទាប់ពីបានហូបអាហារដែលមានថ្នាំពុលកាលពីខែមីនា 2019