អង្គការអវកាសរបស់ប្រទេសឥណ្ឌា បានបាញ់បង្ហោះរ៉ុក្កែតមួយគ្រឿងកាលពីថ្ងៃទី 14 កក្កដា ដើម្បីនាំយានអវកាសឡើងទៅកាន់គន្លងគោចរផែនដី និងនាំយានចុះចតឡើងទៅកាន់ឋានព្រះចន្ទ។
រ៉ុក្កែត LVM3 របស់អង្គការអវកាសឥណ្ឌា (ISRO) ត្រូវបានបាញ់បង្ហោះពីព្រលានអវកាសក្នុងរដ្ឋ Andhra Pradesh នៅភាគខាងត្បូងប្រទេសនេះ កាលពីល្ងាចថ្ងៃទី 14 កក្កដា ឆ្នាំ 2023។
ប្រហែល 16 នាទីបន្ទាប់ពីបានបាញ់បង្ហោះ ISRO ក៏ប្រកាសថា រ៉ុក្កែតបាននាំយានចុះចត Chandrayaan-3 ឡើងដល់គន្លងតារាវិថីផែនដីដោយជោគជ័យ។ យានចុះចតនេះនឹងហោះទៅដល់ឋានព្រះចន្ទនៅខែក្រោយ។
បើសិនជាបេសកកម្មខាងលើប្រព្រឹត្តិទៅដោយរលូន នោះឥណ្ឌានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបាននាំយានទៅចុះចតលើឋានព្រះចន្ទដោយជោគជ័យ។ បច្ចុប្បន្ន មានប្រទេសចំនួនបីដែលបានទទួលជោគជ័យក្នុងបេសកកម្មដូចគ្នានេះ រួមមាន អាម៉េរិក អតីតសូវៀត និងចិន។
Chandrayaan (ចន្ទ្រយាន) នៅក្នុងភាសាសំស្ក្រឹតមានន័យថា «យានព្រះចន្ទ»។ ចន្ទ្រយានរួមមានយានចុះចតមួយគ្រឿងដែលមានកម្ពស់ពីរម៉ែត្រ ត្រូវបានផលិតឡើងដើម្បីដាក់ពង្រាយយានបើកបរស្វ័យប្រវត្តិមួយគ្រឿងនៅក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទ។
អង្គការអវកាសឥណ្ឌាឱ្យដឹងថា ការចុះចតលើដីនៅឋានព្រះចន្ទ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី 23 ខែសីហា ឆ្នាំ 2023៕