យោងតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បេសកកម្ម Chandrayann 3 បានដោះស្រាយបញ្ហាធំរួចរាល់ហើយនៅមុនកាលបរិច្ឆេទនៃការបាញ់បង្ហោះដែលគ្រោងនឹងធ្វើឡើងនៅល្ងាចថ្ងៃទី 14 កក្កដា 2023។
បេសកកម្ម Chandrayaan 3 កំណត់គោលដៅនាំយានអវកាសរបស់ឥណ្ឌា ទៅចុះចតលើផ្ទៃព្រះចន្ទដោយជោគជ័យជាលើកដំបូង។ «ការវាយតម្លៃចំពោះការត្រៀមខ្លួនសម្រាប់បេសកកម្ម បានចប់សព្វគ្រប់។ ការបាញ់បង្ហោះក៏ទទួលបានការអនុញ្ញាត» ISRO ប្រកាសនៅលើ Twitter ដូច្នេះ។
ការបាញ់បង្ហោះគ្រោងនឹងធ្វើឡើងនៅលើកោះ Sriharikota ក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសឥណ្ឌា នៅវេលាម៉ោង 16 និង 05 នាទី ថ្ងៃទី 14 កក្កដា (ម៉ោងនៅកម្ពុជា) ដោយប្រើប្រាស់រ៉ុក្កែត LVM3។ ក្នុងបេសកកម្ម Chandrayaan 3 យានអវកាស-រ៉ូបូត នឹងចុះចតនៅក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទ នៅចុងខែសីហា 2023។ បើសិនជាគ្រប់យ៉ាងដំណើរការល្អ ឥណ្ឌានឹងក្លាយជាប្រទេសទីបួនដែលចុះចតលើឋានព្រះចន្ទដោយជោគជ័យ បន្ទាប់ពីសហរដ្ឋអាម៉េរិក សូវៀត និងចិន។
យានចុះចតរបស់ឥណ្ឌា នឹងប្រមូលទិន្នន័យច្រើនប្រភេទទាក់ទងនឹងបរិស្ថានជុំវិញ ដោយប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រទំនើប។
Chandrayaan 3 គឺជាបេសកកម្មព្រះចន្ទទីបីរបស់ប្រទេសឥណ្ឌា និងជាការប្រឹងប្រែងលើកទីពីរដើម្បីអាចចុះចតលើឋានព្រះចន្ទដោយជោគជ័យ។ ការប្រឹងប្រែងលើកដំបូងត្រូវបានធ្វើឡើងកាលពីខែកញ្ញា 2019 និងបញ្ចប់ដោយបរាជ័យ នៅពេលយានចុះចត-រ៉ូបូតរបស់ Chandrayaan 2 ទម្លាក់ខ្លួនទៅបុកនឹងផ្ទៃព្រះចន្ទពេញមួយទំហឹង។
Chandrayaan 2 ក៏មានទាំងយានអវកាសដែលគោចរជុំវិញគន្លងតារាវិថីព្រះចន្ទ ដែលបច្ចុប្បន្នកំពុងប្រមូលទិន្នន័យនៅជុំវិញឋាននេះ។ Chandrayaan 3 មិនមានយានគោចរលើគន្លងតារាវិថី ប៉ុន្តែម៉ូឌុលរុញច្រានរបស់បេសកកម្មនេះនឹងនាំឧបករណ៍ស្រាវជ្រាវផែនដីពីចម្ងាយទៅជាមួយ។ ទិន្នន័យដែលវាប្រមូលបាននឹងមានប្រយោជន៍សម្រាប់បេសកកម្មបន្ទាប់៕