តុលាការធម្មនុញ្ញថៃបានយល់ព្រមចាត់ការរឿងក្ដីដែលចោទប្រកាន់បេក្ខភាពនាយករដ្ឋមន្ត្រីមកពីបក្ស Move Forward លោក Pita ថា មានផែនការផ្ដួលរំលំរបបរាជាធិបតេយ្យនៅប្រទេសនេះ។
មេធាវី Theerayuth Suwankaesorn បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងបេក្ខភាពនាយករដ្ឋមន្ត្រី Pita Limjaroenrat ដោយចោទថា លោក និងបក្ស Move Forward ដែលបានសន្យាថានឹងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ គឺមានន័យស្មើនឹង «ការព្យាយាមផ្ដួលរំលំរបបរាជាធិបតេយ្យ»។ មេធាវីរូបនេះចង់ឱ្យតុលាការរំសាយបក្ស Move Forward។
តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី 12 កក្កដា ប្រកាសថា បានទទួលចាត់ការរឿងក្ដីនេះ។ តុលាការនេះទុកពេល 15 ថ្ងៃ ដើម្បីឱ្យបក្ស Move Forward និងលោក Pita ឆ្លើយតប និងការពារខ្លួននៅចំពោះមុខពាក្យបណ្ដឹងរបស់ Suwankaesorn។
នៅក្នុងពេលឃោសនារកសំឡេងឆ្នោត បក្ស Move Forward បានសន្យាថា នឹងធ្វើវិសោធនកម្មមាត្រា 112 នៃ ក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ។ ច្បាប់នេះបានចែងថា អ្នកទាំងឡាយណាដែលបំពានច្បាប់ប្រមាថព្រះមហាក្សត្រ ឬរាជវង្សានុវង្ស នឹងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី 3 ទៅ 15 ឆ្នាំ។
បក្ស Move Forward បានបកស្រាយថា ពួកគេមិនស្នើឱ្យលុបចោលច្បាប់នេះទាំងស្រុង ប៉ុន្តែចង់កំណត់ឱ្យបានច្បាស់លាស់ថា មាត្រាច្បាប់នេះគួរតែត្រូវបានអនុវត្តនៅពេលរាជវង្សថៃធ្វើការតវ៉ា ដើម្បីចៀសវាងការប្រើអំណាចតាមអំពើចិត្ត។
ប្រកាសរបស់តុលាការធម្មនុញ្ញថៃ ត្រូវបានលើកឡើងក្នុងថ្ងៃដែលគណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) ស្នើឱ្យមានការព្យួរអភ័យឯកសិទ្ធិសមាជិកសភារបស់លោក Pita ក្នុងគ្រាដែលតុលាការពិនិត្យពាក្យបណ្ដឹងដែលថា លោក Pita កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយ iTV ដែលផ្ទុយពីច្បាប់។
ក្នុងករណីមេដឹកនាំបក្ស Move Forward បានឆ្លងកាត់ច្រើនដំណាក់កាលនៅតែមិនបានក្លាយជានាយករដ្ឋមន្ត្រី បក្ស Pheu Thai ដែលជាបក្សធំលំដាប់ទីពីរក្នុងសម្ព័ន្ធភាព 8 បក្ស ត្រូវបានគេជឿថា នឹងលើកតំណាងមួយរូបរបស់ខ្លួនឱ្យធ្វើជាបេក្ខភាព៕