គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) បញ្ជូនសំណុំរឿងលោក Pita បេក្ខភាពនាយករដ្ឋមន្ត្រីថៃ មកពីបក្ស Move Forward ឡើងទៅកាន់តុលាការធម្មនុញ្ញ នាំឱ្យលោកមានហានិភ័យត្រូវគេជម្រុះពីការប្រកួតដណ្ដើមកៅអីនាយករដ្ឋមន្ត្រីថៃ។
EC នៅថ្ងៃទី 12 កក្កដានេះ បានស្នើសូមឱ្យតុលាការធម្មនុញ្ញថៃ ព្យួរសមាជិកភាពសភារបស់លោក Pita Limjaroenrat ដែលជាបេក្ខភាពសម្រាប់កៅអីនាយករដ្ឋមន្ត្រី ក្នុងពេលតុលាការពិនិត្យរឿងក្ដីប្ដឹងអ្នកនយោបាយនេះ ទាក់ទិននឹងការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយ iTV។
មុននោះ EC បានឯកភាពនឹងការសន្និដ្ឋានដែលថា មានភស្ដុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា លោក Pita កាន់កាប់ភាគហ៊ុនចំនួន 42,000 ហ៊ុននៅ iTV ពេលលោកចុះឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតនាពេលកន្លង។ ច្បាប់របស់ថៃបានចែងថា បេក្ខភាពសមាជិកសភាមិនត្រូវបានអនុញ្ញាតឱ្យមានក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយ។
ការសម្រេចរបស់ EC ត្រូវបានធ្វើឡើងតែមួយថ្ងៃ មុនពេលសភាថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្នុងនោះមានលោក Pita ជាមេបក្ស Move Forward ដែលកំពុងជាបេក្ខភាពលំដាប់កំពូល។ បើសិនត្រូវបានព្យួរសមាជិកភាពសភា លោក Pita នឹងត្រូវបានជម្រុះចេញពីការប្រកួតដណ្ដើមតំណែងនាយករដ្ឋមន្ត្រីថៃនៅអាណត្តិនេះ។
តុលាការធម្មនុញ្ញថៃ គ្រោងនឹងបើកសវនាការនៅថ្ងៃនេះ ប៉ុន្តែមិនដឹងថាស្ថាប័ននេះនឹងចេញសាលក្រមនៅវេលាណានៅឡើយ៕