បណ្ដាវិសដែលភ្ជាប់អេក្រង់ទូរទស្សន៍ទៅនឹងតួនាវា Titan អាចជាមូលហេតុដែលនាំឱ្យសម្បកធ្វើអំពីសរសៃកាបូនថមថយកម្លាំងជាបន្តបន្ទាប់ រហូតដល់ត្រូវសម្ពាធទឹកគាបបែកបាក់ខ្ទេចខ្ទីនៅពេលចុះទៅមើលសាកសពកប៉ាល់ Titanic។
សោកនាដកម្មនាវាមុជទឹក Titan ដែលត្រូវគាបផ្ទុះបែកក្រោមបាតមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃ 23 មិថុនា 2023 នាំឱ្យមានការចាប់អារម្មណ៍ច្រើនពីសំណាក់ក្រុមអ្នកសារព័ត៌មាន និងអ្នកជំនាញ។ ក្រៅពីការអះអាងអំពីកំហុសឆ្គងក្នុងការរចនា ការផលិត ឬមុជជ្រៅជាងសមត្ថភាព គ្រោះថ្នាក់របស់នាវា Titan ក៏នៅមានការអះអាងមួយផ្សេងទៀត នោះគឺ ទ្រឹស្តីបរាជ័យដោយសារវត្ថុធាតុ (Materials Failure)។
ព័ត៌មានជាច្រើនបង្ហាញថា ក្រុមហ៊ុន OceanGate បានកែប្រែនាវា Titan ពីគោលដៅសម្រាប់វិទ្យាសាស្ត្រ ទៅជាទេសចរណ៍ដឹកមនុស្ស។ រូបភាពស្ដីពីដំណើរការផលិតដែលក្រុមហ៊ុន OceanGate ប្រកាស បង្ហាញថា អេក្រង់ទូរទស្សន៍ចំនួនពីរត្រូវបានភ្ជាប់ដោយវិសទៅនឹងជញ្ជាំងនាវាដែលគ្របដណ្ដប់ដោយសរសៃកាបូន។
នេះគឺជាប្រការដែលត្រូវចៀសវាងបំផុត ព្រោះថ្វីបើសរសៃកាបូនធុនជាងដែកប្រាំដង ប៉ុន្តែស្រួយជាងដែក ហើយតែងត្រូវបានលាយជាមួយនឹងកាវ resin ដើម្បីភ្ជាប់ទៅនឹងវត្ថុដែលត្រូវការគ្របដណ្ដប់។ ដំណើរការបិទភ្ជាប់នេះត្រូវបានធ្វើឡើងជាស្រទាប់តម្រួតលើគ្នា។
ដូច្នេះ រចនាសម្ព័ន្ធសរសៃកាបូននៅលើនាវា Titan មិនមែនជាទម្រង់បន្ទះកាបូនសុទ្ធ និងតែមួយ ប៉ុន្តែវាគឺជាទម្រង់ផ្សំរវាងសរសៃកាបូន និងកាវ resin ដែលក្រុមហ៊ុន OceanGate ហៅថា «carbon fiber composite»។
ដោយសារតែជាទម្រង់ composite ដូច្នេះ ក្នុងរចនាសម្ព័ន្ធសរសៃកាបូននេះក៏មានចន្លោះប្រហោងល្អិតៗដែលកាវ resin មិនអាចលុបបំពេញ។ OceanGate ថា អត្រានៃចន្លោះប្រហោងនេះគឺក្រោម 1% ប៉ុន្តែតួលេខនេះមិនត្រូវបានបញ្ជាក់ច្បាស់លាស់។ ភាពខុសគ្នារវាងអត្រាចន្លោះប្រហោង 0.99% និង 0.0000000000001% អាចមានឥទ្ធិពលធំទៅលើតួទាំងមូល ក៏ដូចជាល្បឿននៃការបែកបាក់របស់វត្ថុធាតុ។
ការខួង និងចាប់វិសភ្ជាប់អេក្រង់ទូរទស្សន៍ទៅនឹងជញ្ជាំងនាវា នឹងបង្កើតឱ្យមានស្នាមប្រេះតូចលើផ្ទៃ composite ខាងក្នុងនាវា។ ស្នាមប្រេះនេះក៏កាន់តែរីកធំទៅតាមពេលវេលា និងចំនួនលើកដែលនាវា Titan បានចុះទៅបាតសមុទ្រ ដូចទៅនឹងស្នាមប្រេះលើកញ្ចក់ ហើយក៏បែកខ្ទេចភ្លាមៗនៅពេលវាទ្រាំទ្រនឹងសម្ពាធទឹកលែងបាន៕