អ្នកវិទ្យាសាស្ត្រអាម៉េរិកដើមកំណើតអ៊ីស្រាអែលបានរកឃើញដុំមូលៗចំនួន 10 គ្រាប់ដែលមានរូបរាង និងល្បឿនខុសប្រក្រតី នៅតំបន់សមុទ្រដែលមានអាចម៍ផ្កាយធ្លាក់កាលពីឆ្នាំ 2014។
អ្នកវិទ្យាសាស្ត្រ Avi Loeb មកពីសាកលវិទ្យាល័យ Harvard យល់ថា លោកទំនងជាបានរកឃើញភស្ដុតាងស្ដីពីបច្ចេកវិទ្យារបស់មនុស្សក្រៅភពផែនដី នៅពេលបានរកឃើញអាចម៍ផ្កាយ IM1 ដែលបានធ្លាក់នៅលើតំបន់សមុទ្ររបស់ Papua New Guinea កាលពីឆ្នាំ 2014។ នេះបើតាម Business Insider ចុះផ្កាយកាលពីថ្ងៃទី 08 កក្កដា។
អង្គភាពអវកាសរបស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា បំណែកអាចម៍ផ្កាយទាំងនេះទំនងជាមានប្រភពពីប្រព័ន្ធផ្កាយដទៃ។
ការវិភាគបង្ហាញថា គ្រាប់បាល់ទាំងនេះរួមមាន សារធាតុដែក 84%, ស៊ីលីកុន 8%, ម៉ាញេស្យូម 4%, ទីតានីញ៉ូម 2% រួមនឹងសារធាតុដទៃមួយចំនួនទៀត។ ដុំបាល់ទាំងនេះមានទំហំមិនដល់ 1 មិល្លីម៉ែត្រ និងមានពណ៌លឿង ខៀវ ប្រផេះ ហើយមួយចំនួនទៀតមានរូបរាងដូចទៅនឹងផែនដី។ នេះបើតាម Loeb។
Loeb បានប្រៀបធៀបករណីនេះជាមួយនឹងយាន Voyager របស់ណាសាដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ 1977។ លោកគិតថា Voyager នឹងធ្លាក់ទៅលើភពដ៏សែនឆ្ងាយមួយនៅក្នុងរយៈពេលមួយពាន់លានឆ្នាំទៀត ហើយពួកវានឹងធ្លាក់ដូចអាចម៍ផ្កាយ។
«មនុស្សយើងនឹងត្រូវចំណាយពេលរាប់ម៉ឺនឆ្នាំដើម្បីហោះចេញផុតពីប្រព័ន្ធព្រះអាទិត្យ និងទៅដល់ប្រព័ន្ធផ្កាយមួយផ្សេងទៀត តាមរយៈបច្ចេកវិទ្យារបស់យានអវកាសទំនើប។ ដុំវត្ថុធាតុនេះប្រហែលជាបានចំណាយពេលប្រហាក់ប្រហែលនេះដើម្បីមកដល់ភពរបស់យើង» Loed និយាយដូច្នេះ។
លោក Loed គឺជាសមាជិករបស់ក្រុមប្រឹក្សាវិទ្យា និងបច្ចេកវិទ្យារបស់ប្រធានាធិបតី និងជាប្រធាន Galileo ដែលជាគម្រោងស្វែងរកភស្ដុតាំងស្ដីពីមនុស្សភពក្រៅ និងបច្ចេកវិទ្យារបស់ពួកគេ។ លោកធ្លាប់បាននិយាយច្រើនដងថា «Oumuamua (វត្ថុអវកាសអន្តរតារាដំបូងគេដែល «មកលេង» ប្រព័ន្ធព្រះអាទិត្យ) អាចជាឧទាហរណ៍អំពីបច្ចេកវិទ្យារបស់មនុស្សភពដទៃ៕