មេបញ្ជាការរបស់កងកម្លាំងប្រជាការពារដែលស្និទ្ធនឹងរដ្ឋាភិបាលទីក្រុងកៀវ បានឱ្យដឹងថា ខ្លួននឹងឆ្លងដែនចូលវាយប្រហារក្នុងទឹកដីរុស្ស៊ីនៅប៉ុន្មានខែខាងមុខ ក្រោយពីបានវាយលុក Belgorod កាលពីពីរខែមុន។
«នឹងមានការភ្ញាក់ផ្អើលក្នុងខែខាងមុខ ឬយូរជាងនេះបន្តិច។ នេះនឹងជាប្រតិបត្តិការសឹកលើកទីបីរបស់យើង បន្ទាប់មកនឹងមានលើកទីបួន និងទីប្រាំ» មេបញ្ជាការក្រុមទាហានសេរីរុស្ស៊ី (FRL) Caesar កាលពីថ្ងៃទី 08 កក្កដា បានឱ្យដឹងដូច្នេះ។
FRL គឺជាទីប្រមូលផ្ដុំរបស់ជនជាតិរុស្ស៊ីដែលឈរខាងអ៊ុយក្រែននៅក្នុងសង្គ្រាម និងត្រូវបានចាត់ទុកថាជាផ្នែកមួយរបស់កងទ័ពអន្តរជាតិដែលចូលរួមការពារអ៊ុយក្រែន។ ក្រុមនេះបានវាយលុកចូលខេត្ត Belgorod នៅភាគខាងលិចប្រទេសរុស្ស៊ីកាលពីខែឧសភា និងខែមិថុនា 2023។ កងទ័ពរុស្ស៊ី ក្រោយមកក៏បានប្រកាសថា បានវាយរុញច្រាន FRL ចេញពីទឹកដី។
FRL មានទីស្នាក់ការនៅប្រទេសអ៊ុយក្រែន និងមានកម្លាំងច្រើនរយនាក់។ សារព័ត៌មានមួយចំនួនថា FRL ធ្វើសកម្មភាពក្រោមបញ្ជារបស់អ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវបានច្រាលចោលព័ត៌មាននេះ ហើយថា ក្រុមនេះគឺជាក្រុមឯករាជ្យ។
Caesar ទទួលស្គាល់ថា កងទ័ពអ៊ុយក្រែនជួយក្រុម FRL ប៉ុន្តែក្រុមនេះសម្រេចចិត្តដោយខ្លួនឯងនៅពេលសម្រុកចូលទឹកដីរុស្ស៊ី។ Caesar ដែលមានឈ្មោះពិតថា Maximillian Andronnikov ធ្លាប់ជាគ្រូបង្វឹកផ្នែកកាយសម្ព័ន្ធនៅប្រទេសរុស្ស៊ី និងបានមកកាន់ទឹកដីអ៊ុយក្រែននៅពេលសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈ 2022។ Caesar កំពុងត្រូវបានរុស្ស៊ីតាមចាប់ខ្លួនពីបទក្បត់ជាតិ និងទោសជាច្រើនផ្សេងទៀត៕