សហរដ្ឋអាម៉េរិកបានឱ្យដឹងថា បានកម្ចាត់មេដឹកនាំជាន់ខ្ពស់មួយរូបរបស់អង្គការភារវកម្មរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី ក្រោយពីការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះគ្មានមនុស្សបើក (UAV)។
ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី 07 កក្កដា បានកម្ចាត់ Osam al-Muhajer មេដឹកនាំរបស់ក្រុមដែលហៅខ្លួនឯងថា អង្គការរដ្ឋអ៊ីស្លាម (IS) នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមបញ្ជាការដ្ឋានកងទ័ពអាម៉េរិក (CENTCOM) ប្រកាសកាលពីថ្ងៃទី 09 កក្កដា 2023។
«យើងបាននិយាយយ៉ាងច្បាស់ថា យើងនៅតែសន្យាថាកម្ចាត់ IS ទាំងអស់នៅទូទាំងតំបន់។ IS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ ប៉ុន្តែនៅឆ្ងាយជាងនេះទៅទៀត» មេដឹកនាំរបស់ CENTCOM លោក Michael Kurilla បញ្ជាក់ដូច្នេះ។
យោងតាម CENTCOM ក្នុងការវាយប្រហារខាងលើ ពុំមានជនស៊ីវិលណាម្នាក់បានស្លាប់ ប៉ុន្តែកងកម្លាំងនេះ «កំពុងវាយតម្លៃរបាយការណ៍អំពីការបាត់បង់ធនធានមនុស្ស»។
CENTCOM ឱ្យដឹងថា យុទ្ធនាការវាយប្រហារត្រូវបានធ្វើឡើងដោយ UAV MQ-9 Reaper ជាយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលត្រូវបានយន្តហោះចម្បាំងរុស្ស៊ីរំខានជិតពីរម៉ោងមុននោះ។ រុស្ស៊ីគឺជាសម្ព័ន្ធមិត្តសំខាន់របស់ប្រធានាធិបតីស៊ីរី Bashar al-Assad។
របាយការណ៍មួយរបស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈ បានឱ្យដឹងថា IS មានសមាជិក និងអ្នកគាំទ្រប្រហែលពី 5,000 ទៅ 7,000 នាក់នៅស៊ីរី និងអ៊ីរ៉ាក់ ក្នុងនោះមានជិតពាក់កណ្ដាលគឺជាខ្មាន់កាំភ្លើង។ ការគំរាមកំហែងពី IS និងសាខារបស់ក្រុមនេះចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិគឺមានខ្ពស់ខ្លាំងនៅពាក់ កណ្ដាលចុងឆ្នាំ 2022។
កាលពីចុងឆ្នាំ 2022 IS ប្រកាសថា បានតែងតាំង Abu al-Hussein al-Husseini al-Quraishi ជាមេដឹកនាំកំពូល បន្ទាប់ពីមេដឹកនាំមុននោះត្រូវបានធ្វើឃាតនៅភាគខាងត្បូងប្រទេសស៊ីរី៕