ក្រុមហ៊ុន OceanGate ដែលគ្រប់គ្រងកូននាវាមុជទឹក Titan បានប្រកាសបញ្ឈប់រាល់សកម្មភាពដោយមិនកំណត់ពេលវេលា ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់នៅបាតសមុទ្រដែលបានបណ្ដាលឱ្យមនុស្ស 5 នាក់បាត់បង់ជីវិត។
«យើងផ្អាករាល់សកម្មភាពស្វែងយល់ និងពាណិជ្ជកម្ម» ក្រុមហ៊ុន OceanGate ដែលមានទីស្នាក់ការកណ្ដាលនៅ Everett រដ្ឋ Washington សហរដ្ឋអាម៉េរិក ប្រកាសកាលពីថ្ងៃទី 06 កក្កដាដូច្នេះ។ ក្រុមហ៊ុននេះមិនបានលើកឡើងច្បាស់អំពីមូលហេតុ ក៏ដូចជាពេលវេលាដែលក្រុមហ៊ុននេះនឹងដំណើរការឡើងវិញ។
OceanGate គឺជាក្រុមហ៊ុនដែលគ្រប់គ្រងកូននាវាមុជទឹក Titan។ Titan បានដាច់ទំនាក់ទំនងជាមួយកប៉ាល់មេកាលពីថ្ងៃទី 18 មិថុនា 2023 នៅក្នុងដំណើរនាំមនុស្ស 5 នាក់ចុះទៅទស្សនាសាកសពកប៉ាល់ Titanic ដែលបានលិចកាលពីប្រហែល 111 ឆ្នាំមុន នៅបាតមហាសមុទ្រអាត្លង់ទិក ជម្រៅ 3,800 ម៉ែត្រ។ ជនរងគ្រោះត្រូវបានគេជឿថា បានស្លាប់ភ្លាមៗ ក្រោយពីនាវា Titan ត្រូវបែកខ្ទេចខ្ទីដោយសារសម្ពាធទឹក។
នាយកប្រតិបត្តិរបស់ OceanGate លោក Stockton Rush គឺជាមនុស្សម្នាក់ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើ។ នៅលើនាវា Titan ក៏មានមហាសេដ្ឋីជនជាតិអង់គ្លេស លោក Hamish Harding, អ្នកផ្សងព្រេងជនជាតិបារាំង Paul-Henri Nargeolet, មហាសេដ្ឋីអង់គ្លេសដើមកំណើតប៉ាគិស្ថាន លោក Shahzada Dawood និងកូនប្រុស Suleman។
ក្រុមអ្នកជំនាញបានប្រមូលយកបំណែកសាកសពដែលត្រូវបានគេជឿថាជារបស់មនុស្ស ពីបំណែកនាវាដែលបានរកឃើញនៅបាតសមុទ្រ និងយកទៅកាន់កំពង់ផែ St. John’s នៅប្រទេសកាណាដា។ កងកម្លាំងល្បាតឆ្នេរសមុទ្រអាម៉េរិក និងកាណាដា កំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ៕