(សហរដ្ឋអាម៉េរិក) – បុរសម្នាក់នៅ California បានសារភាពថា បានលាក់បាំងរឿងម្ដាយស្លាប់ជាង 30 ឆ្នាំ ដើម្បីទទួលបានប្រាក់របបសន្តិសុខសង្គម និងប្រាក់ខែចូលនិវត្តន៍របស់ម្ដាយ។
Randy Grossman រដ្ឋអាជ្ញានៅ California ខាងត្បូង បានឱ្យដឹងថា Donald Felix Zampach អាយុ 65 ឆ្នាំ រស់នៅតំបន់ Poway បានបន្លំជាម្ដាយ ទទួលប្រាក់មូលនិធិសាធារណៈចំនួន 830,000 ដុល្លារ និងប្រាក់ជិត 30,000 ដុល្លារ ពីប័ណ្ណឥណទាន ក្នុងរយៈពេល 30 ឆ្នាំ។ នេះបើតាម Guardian ចុះផ្សាយកាលពីថ្ងៃទី 03 កក្កដា 2023។
ករណីនេះចាប់ផ្ដើមតាំងពីឆ្នាំ 1990 នៅពេលម្ដាយរបស់ Zampach បានទទួលមរណភាពនៅប្រទេសជប៉ុន។ មុនពេលម្ដាយស្លាប់ លោក Zampach បានប្ដូរឈ្មោះកម្មសិទ្ធិកាន់កាប់ផ្ទះរបស់ម្ដាយនៅ California ខាងត្បូង មកជាឈ្មោះខ្លួន។
ច្រើនឆ្នាំក្រោយមក បុរសនេះនៅតែរក្សាគណនីធនាគាររបស់ម្ដាយ និងបន្លំហត្ថលេខារបស់ម្ដាយ។ Zampach មិនបានរាយការណ៍ប្រាប់សមត្ថកិច្ចអំពីការស្លាប់របស់ម្ដាយដើម្បីឱ្យរដ្ឋឈប់ផ្ដល់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភ។ ម្ដាយរបស់ Zampach ធ្លាប់បម្រើការក្នុងជួរកងទ័ព។
«នេះគឺជាសកម្មភាពបោកប្រាសដែលមានផែនការក្នុងរយៈពេល 30 ឆ្នាំ ហើយត្រូវតែចាត់ការឱ្យបានម៉ឺងម៉ាត់» Grossman ថ្លែងដូច្នេះ។
Zampach បានសារភាពកំហុស និងត្រូវបានការអនុញ្ញាតឱ្យនៅក្រៅឃុំ។ បុរសនេះនឹងត្រូវបានកាត់ទោសនៅថ្ងៃទី 20 កញ្ញាខាងមុខ ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារ 25 ឆ្នាំ។ ជននេះក៏នឹងត្រូវរដ្ឋរឹបអូសយកផ្ទះនៅ Poway ដើម្បីជាសំណង 830,000 ដុល្លារដែលបានបន្លំយក។
ក្នុងឆ្នាំ 2020 ពលរដ្ឋជិត 70 លាននាក់បានទទួលប្រាក់ខែចូលនិវត្តន៍នៅសហរដ្ឋអាម៉េរិក ក្នុងនោះមានករណីបន្លំក្រោម 1%៕