នៅពាក់កណ្ដាលដើមឆ្នាំនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla លោក Elon Musk រកបាន 96.6 ពាន់លានដុល្លារអាម៉េរិក ខណៈដែលម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg រកបាន 59 ពាន់លានដុល្លារ។
នៅក្នុងរយៈពេល 6 ខែដើមឆ្នាំ 2023 មនុស្សចំនួន 500 នាក់ដែលមានទ្រព្យច្រើនជាងគេលើពិភពលោក រកបានប្រាក់សរុប 852 ពាន់លានដុល្លារ។ បើគិតជាមធ្យមភាគ មនុស្សម្នាក់រកបាន 14 លានដុល្លារអាម៉េរិក/ថ្ងៃ។ នេះគឺជាកំណើនពាក់កណ្ដាលឆ្នាំល្អបំផុតរបស់ពួកគេ រាប់ចាប់ពីចុងឆ្នាំ 2020 ជាពេលដែលសេដ្ឋកិច្ចចាប់ផ្ដើមងើបឡើងវិញក្រោយសម័យកូវីដ។ នេះបើតាមទិន្នន័យរបស់ Bloomberg Billionaires Index។
បណ្ដាមហាសេដ្ឋីប្រាំរូបដែលមានទ្រព្យកើនឡើងរហ័សជាងគេលើពិភពលោកនៅ 6 ខែដើមឆ្នាំនេះ រួមមាន Elon Musk (96.6 ពាន់លានដុល្លារ), Mark Zuckerberg (58.9 ពាន់លានដុល្លារ), Jeff Bezos (47.4 ពាន់លានដុល្លារ), Larry Ellison (40.8 ពាន់លានដុល្លារ) និង Bernard Arnault (38.2 ពាន់លានដុល្លារ)។
មូលហេតុចម្បងដែលបានជួយឱ្យក្រុមមហាសេដ្ឋីខាងលើរកបានប្រាក់ច្រើន និងរហ័សជាងគេ គឺមកពីផ្សារហ៊ុនងើបឡើងវិញ នៅពេលអ្នកវិនិយោគលែងខ្វល់អំពីផលប៉ះពាល់ពីការដំឡើងការប្រាក់របស់បណ្ដាធនាគារជាតិ ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិធនាគារនៅសហរដ្ឋអាម៉េរិក៕