ព្រះចន្ទដែលមានរូបរាងធំជាងគេដំបូងក្នុងឆ្នាំ 2023 គឺស្ថិតក្នុងចំណោមព្រះចន្ទធំៗជាងគេដែលនឹងកើតឡើងក្នុងខែកក្កដា សីហា និងកញ្ញាឆ្នាំ 2023។
«ព្រះចន្ទយក្ស» នៅថ្ងៃទី 03 ខែកក្កដានេះ គឺជាព្រះចន្ទធំជាងគេដំបូងបង្អស់ក្នុងឆ្នាំ 2023។ ក្នុងព្រឹត្តិការណ៍នេះ ព្រះចន្ទនឹងធំជាងធម្មតារហូតដល់ 30% និងភ្លឺជាងធម្មតា 14% នៅពេលមើលពីផែនដី។ ក៏ប៉ុន្តែ ភាពខុសគ្នានេះតែងពិបាកដឹងបានដោយមើលនឹងភ្នែកទទេ លើកលែងតែអ្នកមើលព្រះចន្ទច្រើនយប់ជាបន្តបន្ទាប់។ នេះបើតាមទំព័រ Space។
បាតុភូត «ព្រះចន្ទយក្ស» គឺជាលទ្ធផលដែលកើតឡើងនៅពេលព្រះចន្ទគោចរចូលក្បែរផែនដីជាងធម្មតានៅក្នុងពេលព្រះចន្ទពេញបូណ៌មី។ មន្ត្រីរបស់ណាសាឱ្យដឹងនៅថ្ងៃនេះថា ថ្ងៃនេះព្រះចន្ទស្ថិតនៅចម្ងាយពីផែនដី 361,934 គីឡូម៉ែត្រ ជិតជាងធៀបនឹងចម្ងាយធម្យម 382,900 គីឡូម៉ែត្រ។
«ព្រះចន្ទយក្ស» កើតឡើងដោយសារតែគន្លងគោចររបស់ព្រះចន្ទជុំវិញផែនដីមិនមែនមូលឥតខ្ចោះ។ ដោយសារតែទំនាញផែនដី គន្លងគោចររបស់ព្រះចន្ទមានរូបរាងស្រដៀងពងក្រពើ នេះមានន័យថា អំឡុងខែខ្លះព្រះចន្ទនៅជិតផែនដី និងខែខ្លះទៀតនៅឆ្ងាយពីផែនដី។ ពេលបាតុភូត «ព្រះចន្ទយក្ស» កើតឡើង ក៏ជាពេលដែលព្រះចន្ទពេញវង់ និងស្ថិតនៅក្បែរផែនដីជាងធម្មតា។
ក្រោយខែកក្កដា បាតុភូមខាងលើនឹងកើតឡើងម្ដងទៀតនៅក្នុងថ្ងៃទី 01 សីហា, 30 សីហា និង 28 កញ្ញា ឆ្នាំ 2023។ ចំណែកឆ្នាំ 2024 វិញ «ព្រះចន្ទយក្ស» នឹងកើតឡើងតែពីរលើកប៉ុណ្ណោះ គឺនៅថ្ងៃទី 18 កញ្ញា និង 18 តុលា៕