ថ្មីៗនេះ គម្រោងមួយបានប្រើប្រាស់បច្ចេកវិទ្យាស្កេន 3D ដ៏ទំនើប ដើម្បីបង្ហាញឡើងវិញនូវរូបភាពសាកសពកប៉ាល់ដែលបានលិចកាលពីប្រហែល 111 ឆ្នាំមុន យ៉ាងលំអិតបំផុត។
បច្ចេកវិទ្យាខាងលើ មិនត្រឹមតែបង្ហាញរូបភាពដ៏ស្រស់ស្អាត និងភាពអស្ចារ្យរបស់កប៉ាល់មួយកាលពីអតីតកាល ប៉ុន្តែក៏ជួយឱ្យអ្នកស្រាវជ្រាវដឹងអំពីអាថ៌កំបាំងស្ដីពីគ្រោះថ្នាក់កាលពីឆ្នាំ 1912 ផងដែរ។
គម្រោងខាងលើនេះត្រូវបានអនុវត្តកាលពីរដូវក្ដៅឆ្នាំ 2022 ដោយក្រុមហ៊ុនបង្កើតផែនទីបាតសមុទ្រ Magellan Ltd. និងផលិតកម្មភាពយន្តឯកសារ Atlantic Production។ ពួកគេប្រើប្រាស់កាមេរ៉ាបញ្ជាពីចម្ងាយដើម្បីស្វែងយល់ពីគំនរបាក់បែករបស់សាកសពកប៉ាល់ Titanic ក្នុងជម្រៅប្រហែល 4,000 ម៉ែត្រ នៅបាតមហាសមុទ្រអាត្លង់ទិក ដែលមានចម្ងាយប្រហែល 450 គីឡូម៉ែត្រពីឆ្នេរសមុទ្រ Newfoundland និង Labrador របស់ប្រទេសកាណាដា។
ក្រោយការថតនៅបាតសមុទ្រជាង 200 ម៉ោង ពួកគេក៏ប្រមូលបានរូបភាពចំនួន 700,000 រូប និងបានកាត់តចូលគ្នាដើម្បីបង្កើតបានជារូបភាព 3D ដ៏លំអិតដំបូងស្ដីពីសាកសពកប៉ាល់ Titanic។
Titanic នៅតែជានិមិត្តរូបរបស់មហាគ្រោះថ្នាក់នៅលើសមុទ្ររបស់មនុស្សជាតិ។ ដោយសារមានបច្ចេកវិទ្យាស្កេន 3D យើងអាចមើលឃើញសាកសពកប៉ាល់នេះបានយ៉ាងច្បាស់ និងប្រកបដោយភាពរស់រវើកជាងពេលណាៗទាំងអស់៕