(អារ៉ាប៊ីសាអូឌីត) – ទីក្រុង Mecca ដំឡើងបង្គោល និងកង្ហារបាញ់សន្សើមសិប្បនិម្មិតនៅលើទីខ្ពស់ ខាងក្រៅអគារ ដើម្បីបង្កើនសំណើម និងកាត់បន្ថយកម្ដៅក្នុងបរិយាកាសសម្រាប់ក្រុមអ្នកធ្វើធម្មយាត្រា។
ដោយសារតែអាកាសធាតុក្ដៅខ្លាំង ឆ្នាំនេះ ទីក្រុង Mecca របស់អារ៉ាប៊ីសាអូឌិត បានប្រើប្រាស់មធ្យោបាយថ្មីដើម្បីទប់ទល់។ អាជ្ញាធរដំឡើងបង្គោល និងកង្ហារបាញ់សន្សើមសិប្បនិម្មិតនៅលើទីខ្ពស់ ខាងក្រៅអគារ ដើម្បីកាត់បន្ថយកម្ដៅសម្រាប់ក្រុមអ្នកធ្វើធម្មយាត្រា។
ប្រព័ន្ធបាញ់ទឹកសន្សើមនេះត្រូវបានដំឡើងនៅតាមបណ្ដោយផ្លូវនានាដែលនៅក្នុងតំបន់នៃវិហារអ៊ីស្លាមធំ ដើម្បីជួយទល់ស្កាត់ផលប៉ះពាល់ដោយសារកម្ដៅ។ កាលពីថ្ងៃទី 27 មិថុនា 2023 សីតុណ្ហភាពរបស់ទីក្រុងខាងលើនេះបានឡើងដល់ 48 អង្សាសេ។
អារ៉ាប៊ីសាអូឌិត គ្រោងនឹងទទួលអ្នកធ្វើដំណើរធម្មយាត្រាប្រហែល 2.6 លាននាក់នៅក្នុងរដូវបុណ្យឆ្នាំនេះ។ នេះគឺជារដូវធម្មយាត្រាដំបូងរាប់ចាប់តាំងពីឆ្នាំ 2019 ដែលពុំមានការហាមប្រាមដោយសារកូវីដ។