សហរដ្ឋអាម៉េរិក បានប្រកាសថា ប្រទេសប៉ូឡូញនឹងទិញប្រព័ន្ធមីស៊ីល Patriot រួមនឹងឧបករណ៍ដែលទាក់ទង ទៅតាមកិច្ចសន្យាមួយដែលមានតម្លៃប្រហែល 15 ពាន់លានដុល្លារអាម៉េរិក។
ការទិញដូរអាវុធនេះនឹងជួយឱ្យប៉ូឡូញបង្កើនសមត្ថភាពការពារមីស៊ីល រួមចំណែកជំរុញឱ្យប្រទេសនេះសម្រេចបានគោលដៅលើកកម្ពស់សមត្ថភាពកងទ័ព។ នេះបើតាមស្ថាប័នសហប្រតិបត្តិការណ៍សន្តិសុខជាតិ (DSCA) នៃក្រសួងការពារជាតិអាម៉េរិក ដែលបានឱ្យដឹងកាលពីថ្ងៃទី 28 មិថុនា 2023។
ការលក់អាវុធតម្លៃ 15 ពាន់លានដុល្លារដែលត្រូវបានក្រសួងការបរទេសអាម៉េរិកយល់ព្រមរួចហើយនេះ នឹងរួមមាន ប្រព័ន្ធមីស៊ីល Patriot PAC-3 ចំនួន 48 គ្រឿង, មីស៊ីលវាយស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អមនឹងរ៉ាដា និងឧបករណ៍គ្រប់គ្រងក្នុងប្រព័ន្ធ។ ក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការលក់អាវុធនេះគឺ Raytheon និង Lockheed Martin។
ប្រកាសខាងលើរបស់ក្រុមមន្ត្រីអាម៉េរិក មិនបានលើកឡើងថា ពួកគេបានចុះកិច្ចព្រមព្រៀងរួចហើយ ឬការចរចាបានបញ្ចប់ហើយ ឬនៅ។
ក្រុមប្រទេសជាសមាជិកណាតូ នៅអឺរ៉ុបខាងកើត កំពុងតែប្រញាប់បង្កើនសមត្ថភាពការពារជាតិ បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនតាំងពីខែកុម្ភៈ 2022។
កាលពីខែមករា ឆ្នាំ 2023 ប៉ូឡូញបានចុះកិច្ចព្រមព្រៀងទិញរថក្រោះ M1A1 Abrams ចំនួនជាង 110 គ្រឿងពីសហរដ្ឋអាម៉េរិក រួមនឹងឧបករណ៍យោធាជាច្រើនទៀតដែលមានតម្លៃសរុប 1.4 ពាន់លានដុល្លារ។ កាលពីឆ្នាំ 2022 ទីក្រុងវ៉ាសូវីបានបញ្ជាទិញរថក្រោះ M1A2 Abrams ចំនួន 250 គ្រឿង ដែលគ្រោងនឹងទទួលបានចាប់ពីឆ្នាំ 2025 ដល់ 2026៕