សហរដ្ឋអាម៉េរិកប្រកាសអំពីកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន តម្លៃ 500 លានដុល្លារ ក្នុងនោះមានទាំងរថពាសដែក និងគ្រាប់សម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS។
មន្ទីរបញ្ចកោណ កាលពីថ្ងៃទី 27 មិថុនា 2023 បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីតម្លៃ 500 លានដុល្លារសម្រាប់អ៊ុយក្រែន។ កញ្ចប់ជំនួយនេះរួមមាន រថក្រោះ Bradley 30 គ្រឿង, រថពាសដែកដឹកទាហាន Stryker 25 គ្រឿង និងគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធ HIMARS, ប្រព័ន្ធការពារដែនអាកាស Patriot រួមនឹងអាវុធធុនស្រាល និងគ្រាប់បែកផងដែរ។
យោងតាមមន្ទីរបញ្ចកោណ កញ្ចប់ជំនួយថ្មីនេះនឹងរួមចំណែកជួយដល់ទីក្រុងកៀវក្នុងយុទ្ធនាការវាយបក បង្កើនកម្លាំងការពារដែនអាកាស ការពារប្រជាជន និងរុញច្រានកងទ័ពរុស្ស៊ី។
នេះគឺជាកញ្ចប់ជំនួយទី 41 ដែលសហរដ្ឋអាម៉េរិកបានផ្ដល់ឱ្យអ៊ុយក្រែន ទៅតាមសិទ្ធិសម្របសម្រួលកម្លាំងប្រធានាធិបតី (PDA) ដែលជាច្បាប់អនុញ្ញាតឱ្យរដ្ឋាភិបាលផ្ដល់កម្លាំងយោធាដល់ដៃគូសហការក្នុងស្ថានការណ៍អាសន្ន ដោយមិនចាំបាច់មានការអនុញ្ញាតពីសភា។
រាប់ចាប់តាំងពីពេលរុស្ស៊ីបើកយុទ្ធនាការយោធានៅអ៊ុយក្រែនកាលពីខែកុម្ភៈ 2022 មកដល់បច្ចុប្បន្ន សហរដ្ឋអាម៉េរិកបានផ្ដល់ជំនួយផ្នែកយោធាជាង 40 ពាន់លានដុល្លារអាម៉េរិកដល់ទីក្រុងកៀវ៕