ក្រុមមន្ត្រីថៃឱ្យដឹងថា ជនជាតិមីយ៉ាន់ម៉ារាប់ពាន់នាក់កំពុងជ្រកកោននៅក្នុងបណ្ដាស្រុកជាប់ព្រំដែននៃខេត្ត Mae Hong Son ភាគខាងជើងប្រទេសថៃ ដើម្បីគេចពីសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា។
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងបណ្ដាក្រុមប្រដាប់អាវុធ និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កើតឡើងនៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលនៅជាប់នឹងស្រុក Mae Sariang និងស្រុក Khun Yuam នៃខេត្ត Mae Hong Son របស់ប្រទេសថៃ។ ចំនួនជនភៀសខ្លួនមីយ៉ាន់ម៉ាដែលមកជ្រកកោននៅតំបន់ខាងលើបានឡើងដល់ជិត 5,000 នាក់។
រដ្ឋអំណាចក្នុងខេត្ត Mae Hong Son កំពុងសហការជាមួយកាកបាទក្រហមថៃ និងប្រជាជនក្នុងតំបន់ ធ្វើការរៃអង្គាសអាហារ ទឹក និងរបស់ប្រើប្រាស់ចាំបាច់ ដើម្បីផ្ដល់ឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ាជារៀងរាល់សប្ដាហ៍ រហូតដល់ការប្រយុទ្ធគ្នាបានបញ្ចប់។
ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-មីយ៉ាន់ម៉ាវិញ ក៏បានរៀបចំបណ្ដាញលូ និងការងារពាក់ព័ន្ធនឹងអនាម័យ ក៏ដូចជាសន្តិសុខនៅតាមជំរំជនភៀសខ្លួន និងនៅតាមបន្ទាត់ព្រំដែនសំខាន់ៗរបស់ប្រទេសទាំងពីរ។