អាជ្ញាធរកូឡុំប៊ី សហការជាមួយផលិតករជនជាតិអង់គ្លេស ផលិតខ្សែភាពយន្តឯកសារស្ដីពីកុមារ 4 នាក់ដែលនៅមានជីវិត ពេលវង្វេង 40 ថ្ងៃ ក្រោយពីធ្លាក់យន្តហោះក្នុងព្រៃអាម៉ាហ្សូន។
ប្រធានាធិបតីកូឡុំប៊ី Gustavo Petro ដែលកំពុងចូលរួមសន្និសីទកំពូលស្ដីពីអាកាសធាតុនៅទីក្រុងប៉ារីស កាលពីថ្ងៃទី 23 មិថុនា បានឱ្យដឹងថា បានជួបពិភាក្សាជាមួយ Simon Chinn ផលិតករភាពយន្តឯកសារជនជាតិអង់គ្លេស ដែលធ្លាប់ទទួលបានពានរង្វាន់អូស្ការពីរលើក។
លោក Gustavo Petro ឱ្យដងថា ទូរទស្សន៍ជាតិកូឡុំប៊ី (RTVC) នឹងសហការជាមួយ Lightbox ដែលជាក្រុមហ៊ុនផលិតភាពយន្តរបស់ Chinn ដើម្បីរៀបរាប់ដំណើររឿងស្ដីពី «យុទ្ធនាការនៃក្ដីសង្ឃឹម» ក្នុងការស្វែងរក និងសង្គ្រោះកុមារ 4 នាក់ដែលនៅមានជីវិតក្រោយពីយន្តហោះដែលពួកគេជិះ បានធ្លាក់ ហើយពួកគេត្រូវវង្វេង 40 ថ្ងៃក្នុងព្រៃជ្រៅអាម៉ាហ្សូន។
ក្មេង 4 នាក់ដែលរួមមាន Lesly អាយុ 13 ឆ្នាំ, Soleiny អាយុ 9 ឆ្នាំ, Tien Norel អាយុ 5 ឆ្នាំ និង Cristin អាយុ 1 ឆ្នាំ បានរួចពីហានិភ័យបាត់បង់ជីវិត បន្ទាប់ពីម្ដាយ និងមនុស្សពេញវ័យពីរនាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងព្រៃអាម៉ាហ្សូនកាលពីថ្ងៃទី 01 ឧសភា 2023។
ពេលបានទទួលដំណឹងអំពីករណីខាងលើ កងទ័ពកូឡុំប៊ី ក៏បានចាប់ផ្ដើមយុទ្ធនាការស្វែងរក និងសង្គ្រោះ។ ចុងក្រោយ ពួកគេក៏បានរកឃើញកុមារ 4 នាក់នេះកាលពីថ្ងៃទី 09 មិថុនា 2023៕