មនុស្ស 75 នាក់ ក្នុងចំណោម 84 នាក់ដែលបានវាយប្រហារលើសាលាឃុំពីរនៅខេត្តភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទភេរវកម្មប្រឆាំងរដ្ឋអំណាច។
ថ្ងៃទី 23 មិថុនា លោក To An Xo អ្នកនាំពាក្យក្រសួងសន្តិសុខវៀតណាម បានឱ្យដឹងថា សេចក្ដីសម្រេចចោទប្រកាន់នានាត្រូវបានស្ថាប័នប៉ូលិសខេត្ត Dak Lak ធ្វើឡើងរួចហើយ ដើម្បីប្រឆាំងនឹងមនុស្សច្រើនសិបនាក់ដែលត្រូវបានចោទថា បានវាយប្រហារភេរវកម្មលើសាលាឃុំរបស់ខេត្តនេះ។
ក្នុងករណីខាងលើ រដ្ឋអំណាចវៀតណាមក៏បានចោទប្រកាន់មនុស្ស 7 នាក់ផ្សេងទៀតពីបទធ្វេសប្រហែសចំពោះឧក្រិដ្ឋកម្ម, ម្នាក់ពីបទលាក់បាំងឧក្រិដ្ឋកម្ម, ម្នាក់ពីបទរៀបចំនាំមនុស្សចេញ-ចូលប្រទេស ឬស្ថាននៅលើទឹកដីវៀតណាមដោយខុសច្បាប់។
តំណាងក្រសួងសន្តិសុខវៀតណាមចាត់ទុកសកម្មភាពដែលបានកើតឡើងនៅឯសាលាឃុំចំនួនពីរនៅខេត្ត Dak Lak កាលពីព្រឹកថ្ងៃទី 11 មិថុនាថា ជា «សកម្មភាពភេរវកម្មដែលមានអង្គការចាត់តាំង» ដោយមានមនុស្សពីរក្រុមប្រដាប់ដោយកាំភ្លើង និងអាវុធកែច្នៃ វាយប្រហារលើគោលដៅ បណ្ដាលឱ្យមនុស្ស 9 នាក់ស្លាប់ និង 2 នាក់រងរបួស និងបានចាប់ខ្លួនមនុស្ស 3 នាក់ជាចំណាប់ខ្មាំង។
សារព័ត៌មានវៀតណាម បានឱ្យដឹងថា ក្នុងចំណោមមនុស្សពីរក្រុមខាងលើ មានម្នាក់ជាសមាជិករបស់ក្រុមដែលនៅសហរដ្ឋអាម៉េរិកផងដែរ។
ប៉ូលិសវៀតណាម ប្រមូលបានកាំភ្លើង (កាំភ្លើងទាហាន និងកាំភ្លើងកែច្នៃ) 23 ដើម, គ្រាប់បែកដៃ 2 គ្រាប់, គ្រាប់កាំភ្លើង 1,200 គ្រាប់, គ្រឿងផ្ទុះ 17 គីឡូក្រាម រួមនឹងទង់ FULRO ។ល។