អ្នកជំនាញបារាំងម្នាក់ រួមនឹងអ្នកជំនួញបួននាក់មកពីអង់គ្លេស ប៉ាគីស្ថាន និងសហរដ្ឋអាម៉េរិក ត្រូវបានគេជឿថា មានវត្តមាននៅក្នុងនាវាមុជទឹក Titan ដែលបានបាត់ខ្លួនក្នុងពេលចុះទៅមើលសាកសពកប៉ាល់ Titanic នៅបាតមហាសមុទ្រ។
សមត្ថកិច្ចអាម៉េរិក កាលពីថ្ងៃទី 18 មិថុនា បានទទួលដំណឹងថា Titan ដែលជានាវាមុជទឹកមួយគ្រឿងក្នុងចំណោមបីគ្រឿងរបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិក នៅថ្ងៃទី 18 មិថុនា ពេលកំពុងធ្វើដំណើរទេសចរណ៍នៅឯតំបន់បាតសមុទ្រដែលមានសាកសពកប៉ាល់ Titanic។
OceanGate Expeditions ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក បានចាប់ផ្ដើមផ្ដល់សេវាកម្មនាំអតិថិជនទៅមើលសាកសពកប៉ាល់ Titanic ក្នុងតម្លៃប្រហែល 250,000 ដុល្លារ/ម្នាក់ ចាប់ពីឆ្នាំ 2020។ ភ្ញៀវនឹងទទួលបទពិសោធន៍ 8 ថ្ងៃនៅលើសមុទ្រ ក្នុងនោះ នាវាមុជទឹក Titan ដែលដាក់មនុស្សបាន 5 នាក់ ត្រូវបានប្រើប្រាស់ដើម្បីនាំទេសចរចុះទៅមើលសាកសពកប៉ាល់ Titanic ដែលស្ថិតក្នុងជម្រៅប្រហែលជិត 4,000 ម៉ែត្រ។
ភ្លាមៗបន្ទាប់ពីហេតុការណ៍ដាច់ទំនាក់ទំនងជាមួយនាវា Titan បានកើតឡើង សមត្ថកិច្ច និងក្រុមសង្គ្រោះក៏ត្រូវបានបញ្ជូនទៅជួយស្វែងរក។ ក្រុមមនុស្សក្នុងនាវាមុជទឹក Titan ដែលកំពុងបាត់ខ្លួន ត្រូវបានគេជឿថា រួមមាន មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញបារាំង Paul-Henry Nargeolet, ស្ថាបនិករបស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman។
ក្នុងចំណោមមនុស្សខាងលើ មហាសេដ្ឋីអង់គ្លេសត្រូវបានគេចាប់អារម្មណ៍ជាងគេ។ លោក Hamish Harding អាយុ 58 ឆ្នាំ ដែលជាអ្នកជំនួញជនជាតិអង់គ្លេស រស់នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) គឺជាប្រធានរបស់ក្រុមហ៊ុន Action Aviation ដែលជាទីភ្នាក់ងារឈ្មួញជើងសាអន្តរជាតិផ្នែកយន្តហោះ មានទីស្នាក់ការកណ្ដាលនៅទីក្រុងឌូបៃ។