ឧទ្ធម្ភាគចក្រ Ka-52 រងការខូចខាតធ្ងន់ធ្ងរ ដែលនេះអាចបណ្ដាលមកពីត្រូវគ្រាប់មីស៊ីលរបស់អ៊ុយក្រែន ប៉ុន្តែបានត្រលប់ទៅដល់មូលដ្ឋានដោយសុវត្ថិភាព។
គណនី Fighter Bomber របស់អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ីម្នាក់ កាលពីថ្ងៃទី 19 មិថុនា បានបង្ហោះវីដេអូលើ Telegram ស្ដីពីឧទ្ធម្ភាគចក្រ Ka-52 ត្រូវរងការខូចខាតធ្ងន់ធ្ងន់ និងកំពុងត្រូវបានហោះអមដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ «ផ្នែកកន្ទុយត្រូវបានមីស៊ីលការពារដែនអាកាសកម្ទេច។ សត្រូវមិនទាន់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រណាមួយនៅឡើយ រាប់ចាប់តាំងពីបើកការវាយបក» ពីឡុតរុស្ស៊ីឱ្យដឹងដូច្នេះ។
ទីតាំងថតវីដេអូនេះមិនត្រូវបានបង្ហើបឱ្យដឹង ប៉ុន្តែក្រុមហោះហើររបស់រុស្ស៊ី ពេលនោះហាក់កំពុងផ្លាស់ទីនៅតំបន់ក្បែរសមុទ្រខ្មៅ។
វីដេអូនេះបង្ហាញថា Ka-52 ទម្លាក់ចោលធុងប្រេង និងប្រព័ន្ធរ៉ុក្កែតនៅរយៈកម្ពស់ទាប ដែលនេះទំនងជាដើម្បីកាត់បន្ថយទម្ងន់ និងជួយឱ្យពីឡុតងាយស្រួលបើកបរ។ ឧទ្ធម្ភាគចក្រអមដំណើរ ក្រោយមកក៏ហោះទៅក្បែរ Ka-52 និងបង្ហាញថា ស្លាបនៅត្រង់កន្ទុយរបស់ Ka-52 បានបាក់ ខណៈផ្នែកខ្លះនៅត្រង់កាប៊ីនអ្នកបើកបរក៏រងការខូចខាត។
រូបភាពដែលថតនៅបន្ទាយទាហានរុស្ស៊ី បានបង្ហាញថា ឧទ្ធម្ភាគចក្រ Ka-52 ដែលត្រូវគ្រាប់ បានត្រលប់ទៅដល់មូលដ្ឋានដោយសុវត្ថិភាព ក្នុងនោះ ស្លាបនៅត្រង់កន្ទុយត្រូវបាក់ ប៉ុន្តែមិនទាន់ដាច់ចេញពីតួឧទ្ធម្ភាគចក្រ៕